ស្គាល់​ប្រវត្តលម្អិត មីជាតិ​​យីហោ​មីខ្មែរ​ទីពីរ​វាយលុកទីផ្សារ​កម្ពុជា

អាជីវកម្ម

មីជាតិ​បានចាប់ផ្តើមចេញ​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​បាន​ជិត ៣ ឆ្នាំតាំងពី​​ឆ្នាំ ២០១៩​។ ​ដោយមាន​រោងចក្រ​ផលិត​នៅ​សង្កាត់​គោ​ករ​ការ​ ខណ្ឌ​ពោធិ​សែន​ជ័យ ​នេះជា​យីហោ​មី​ខ្មែរ​ទីពីរ​ បន្ទាប់​ពី​មីយើងដែល​ជា​យីហោ​មីក្នុងស្រុក​ដំបូង​គេ​ដែលវិនិយោគ​​ដោយ​ក្រុមហ៊ុន ម៉ែន សារុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមាន​នៃមីជាតិ​គឺជា​មោទនភាព​ថ្មី​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ​ ដែល​មាន​ស្លាក​យីហោ​មីក្នុងស្រុក​តំណាង​ឲ្យ​ផលិតផល​ជាតិ​។

ដំណើរការផលិត”មីជាតិ”

​មី​ជាតិ​ ​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​និង​ម៉ាស៊ីន​ជប៉ុន​ទំនើប​ចុងក្រោយ​ ​ព្រម​ជាមួយ​កម្មវិធី​​គ្រប់គ្រង​ ​និង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ ​នៅ​គ្រប់​ដំណាក់កាល​នៃ​សង្វាក់​ផលិតកម្ម​ ​ចាប់តាំង​ពី​គ្រឿង​ផ្សំ​ ​ដំណើរការ​ផលិត​ ​និង​កា​រវេច​ខ្ចប់​ដើម្បី​ទទួល​បាន​នូវ​ផលិតផល​សម្រេច​ប្រកបដោយ​គុណភាព​ស្ដង់​ដារ​ ​និង​សុវត្ថិភាព​។ មី​ជាតិ​ប្រើប្រាស់​វត្ថុធាតុដើម ​ដែល​មានគុណ​ភាព​ខ្ពស់​​​​​​​​​​​​​​​​​​​​​​​​ សម្រិតសម្រាំង​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​។​ ម្សៅសាលី​ ​ស្ករ​ ​ខ្ទឹម​ ​ម្រេច​ ​ឈើអែម​ ​ប្រេង​រុក្ខជាតិ​ ​និង​ម្សៅស៊ុប​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ ​អូ​ស្រ្ដា​លី​ សឹង្ហ​បុរី​ ​ថៃ​ ​និង​ ​ម៉ាឡេស៊ី​។

មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ

មី​ជាតិ​ ​ជា​ផលិតផល​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ​ ​ផលិត​ដោយ​អ្នកជំនាញ​ខ្មែរ​។​ ​មី​ជាតិ​ ត្រូវបានផលិតដោយមានរសជាតិ​បីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្រ្ចាំ និងមីជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ​ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​មី​ជាតិ​ ដែល​ថា​ “ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​”។

មី​ជាតិ​​ឆ្ពោះទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​

ស្រប​ពេល​មានការ​ទទួលស្គាល់​លើ​គុណភាព​ ​និង​រសជាតិ​ឆ្ងាញ់​  ​មី​ជាតិ​ជា​ផលិត​មី​កញ្ចប់​​ខ្មែរ​ដំបូង​គេ​ ​បាន​នាំចេញ​ផលិតផល​​ទៅកាន់​ទី​ផ្សារ​ប្រទេស​វៀតណាម​។​ ​នេះ​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទី​ផ្សារ​ថ្នាក់​តំបន់​។​

​កា​របើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល​មី​ជាតិ​ ​​ឆ្លុះបញ្ចាំង​ពី​ការ​ជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ​ ​នៅ​ក្នុង​ក​ម្រិ​ត​ស្តង់​អន្តរជាតិ​មួយ​ ​ស្រប​ជាមួយ​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ប្រទេសជិតខាង​ផង​ដែរ​។ សម្រាប់​ផលិតផល​មី​ជាតិ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទី​ផ្សារ​អន្តរជាតិ​ ​​ក៏ស្របពេល​ដែល​​មី​របស់ខ្មែរ​នេះបាន​ការ​ទទួលស្គាល់​រួចជាស្រេច​ពីសំណាក់​ប្រជាជន​​កម្ពុជា​​។​

មីជាតិ ជា​មីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស

មីជាតិជា​មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេសនៅឆ្នាំ២០២២។ ស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានបញ្ជាក់​ថា មីជាតិ​ជា​ផលិតមីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេស​កម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការធ្វើសវនកម្មខាងក្នុងនិងខាងក្រៅ ជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ទទួលស្គាល់ពីស្ថាប័ន SGS និង UKAS។ ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យនៃ​ផលិតផលមីជាតិ។

សាររបស់អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន

​លោកជំទាវ ជីង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានថ្លែង​ថា មី​ជាតិ​ ជា​ម៉ាក​ផលិតផល​មី​របស់​ប្រជាជន​ខ្មែរ​ផ្ទាល់​ ជាមួយ​នឹង​ផលិតផល​គុណភាព​ខ្ពស់​ មាន​រសជាតិ​បែប​ខ្មែរ​ សម្រាប់​ប្រជាជន​ខ្មែរ។ មី​ជាតិ​ ចាប់ផ្តើម​ឡើង​ពី​ក្តី​សុបិន​មួយ​ ដើម្បី​បង្កើត​នូវ​រស​និយម​អាហារ​ដែល​ឈ្ងុយឆ្ងាញ់​របស់​ខ្មែរ​ពិតប្រាកដ​។ ថ្ងៃនេះ​ យើង​បានសម្រេច​ក្តី​សុបិន​មួយ​នេះ​។ យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​បង្កើត​នូវ​រសជាតិ​មី​បី​ប្រភេទ​ខុស​ៗគ្នា​គឺ​ សាច់​ជ្រូក​ចិញ្ច្រាំ​ ស៊ុប​មាន់​ និង​ខគោ​ ដែល​ជា​រសជាតិ​បែប​ខ្មែរ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា។

លោកជំទាវ​បាន​គូស​បញ្ជាក់​បន្ថែម​ថា គ្មាន​អ្នកណា​ គាំទ្រ​ផលិតផល​ខ្មែរ​ក្រៅពី​ខ្មែរ​នោះ​ទេ​។ ដូច្នេះ​ ដើម្បី​ការ​រីកចម្រើន​របស់​ខ្មែរ​ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ​ យើង​ជា​កូនខ្មែរ​ត្រូវ​គាំទ្រ​ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​ ​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាបុត្រ​សម័្ពន្ធ​របស់​ក្រុមហ៊ុន វ័ន ម៉រ លីមីធីត រួមមាន ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន (ផលិតទឹកពិសាវីតាល់) ក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង (ផលិតមីជាតិ) ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ភោជនីយដ្ឋាន វ័ន ម៉រ និងសហគ្រាសឱសថកម្ពុជា៕