ឧកញ៉ា ស៊ន សុខណា ជាអ្នកជំនួញដែលមានឥទ្ធិពលមួយរូប ក្នុងពិភពលោកជំនួញនៅប្រទេសកម្ពុជា ឈរលំដាប់លេខរៀងទី១ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ១៩៩៩មក និង ឈរលេខរៀងពីក្រោយអ្នកឧកញ៉ា គិត ម៉េង។ លោកឧកញ៉ា ជាពាណិជ្ជករដ៏ឆ្នើម និងជាថ្នាក់ដឹកនាំមួយរូបមានទស្សនវិស័យវែងឆ្ងាយ ដែលបច្ចុប្បន្ននេះលោកមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១០ ស្ថិតនៅក្រោមក្រុមហ៊ុនមេ សូណាត្រា គ្រុប។
ភាពជោគជ័យលើមុខជំនួញ ក្នុងក្រុមហ៊ុនជាច្រើន ក៏មានការរួមចំណែកជួយជ្រោមជ្រែងពីកូនស្រីទាំង៣រូបរបស់លោកឧកញ៉ាផងដែរ។ ថ្ងៃនេះ ឧកញ៉ាញូ៉ស៍ សូមណែនាំឱ្យស្គាល់កូនស្រីទាំង៣ របស់ឧកញ៉ា ស៊ន សុខណា ដូចខាងក្រោម៖
១. លោកជំទាវ សុខណា រចនា
លោកជំទាវ សុខណា រចនា ជានាយករងនៃក្រុមហ៊ុនមូលបត្រ សូណាត្រា ហើយជាប្រធានភ្នាក់ងារជួញដូរមូលបត្រនៃក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា ហើយលោកជំទាវក៏ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា និងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។ លោកជំទាវ បានធ្វើការឱ្យក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើន និងធ្លាប់មានបទពិសោធន៍នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដីធ្លីនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
លោកជំទាវ សុខណា រចនា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកកិច្ចការរដ្ឋបាលពាណិជ្ជកម្ម ហើយក័ជាសិស្សពូកែនៅសាកលវិទ្យាល័យ Royal Melbourne ប្រទេសអូស្ត្រាលី។ លោកជំទាវ បានបញ្ចបថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ អនុវត្តពីសាកលវិទ្យាល័យ Monash ក្នុងទីក្រុង Melbourne។ បច្ចុប្បន្ននេះ លោកជំទាវ គឺជាប្រធានគណៈកម្មាធិការតែងតាំង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា។
២. លោកជំទាវ សុខណា កុឡាបបុផ្ផា
លោកជំទាវ សុខណា កុឡាបបុផ្ផា ជានាយក និងជាអគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី។ លោកជំទាវ បានចូលក្នុងស្ថាប័ននេះចាប់តាំងពីឆ្នាំ២០១០ ហើយបានដឹកនាំស្ថាប័ននេះរហូតដល់បច្ចុប្បន្ន។ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ លោកជំទាវ បានបម្រើការងារនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ជាប្រធានហិរញ្ញវត្ថុ ហើយក៏ជាស្ថាបនិកនៃក្រុម Soben Hostel ផងដែរ។
ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣ លោកជំទាវ សុខណា កុឡាបបុផ្ផា បានសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា Dunman ក្នុងប្រទេសសិង្ហបុរី។ ក្រោយមកលោកជំទាវ បានផ្លាស់ទៅនៅប្រទេសអូស្ត្រាលី ដើម្បីសិក្សានៅមហាវិទ្យាល័យវ៉េសលីដែល ជាកន្លែងដែលលោកជំទាវបានបញ្ចប់ថ្នាក់វិទ្យាល័យអន្តរជាតិ។ បន្ទាប់មក លោកជំទាវបានបន្តថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី។
អំឡុងពេលដែលលោកជំទាវវិលត្រឡប់មករស់នៅប្រទេសកម្ពុជា លោកជំទាវ សុខណា កុឡាបបុផ្ផា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម។ ក្នុងឆ្នាំ២០១៣ លោកជំទាវ ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សារបស់អនុប្រធានទី២ នៃរដ្ឋសភា (ឋានៈស្មើ អនុរដ្ឋលេខាធិការ)។ នៅឆ្នាំ២០១៦ លោកជំទាវ បានទទួលមេដាយរាជវង្ស (ព្រះរាជាណាចក្រកម្ពុជា – មហាសេនា)។
៣. លោកស្រី សុខណា សុជាតា
លោកស្រី សុខណា សុជាតា ជាប្រធានប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី និងជាជំនួយការប្រធានផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន មូលបត្រ សូណាត្រា។ លោកស្រី ក៏ជាប្រធានផ្នែករដ្ឋបាល នៃវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សូណាត្រា គ្រុប និងជាអ្នកចាត់ការទូទៅ ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រុមហ៊ុនសូណាត្រា ខនស្ត្រាក់សិន ខូអិលធីឌីផងដែរ។
លោកស្រី សុខណា សុជាតា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកជំនួញនិងពាណិជ្ជកម្ម (ហិរញ្ញវត្ថុនិងទីផ្សារ) ពីសាកលវិទ្យាល័យ Monash នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០១៣។ លោកស្រី បានសិក្សាចប់ថ្នាក់វិទ្យាល័យនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលឆ្នាំ២០០៩ និងបានសិក្សាថ្នាក់បឋម (ថ្នាក់ទី១-ថ្នាក់ទី៦) នៅប្រទេសសិង្ហបុរី។ លោកស្រី ចេះនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន៕