ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ នៅតែជឿជាក់ថា ដីធ្លីនៅខេត្តកំពត នឹងឡើងថ្លៃខ្ពស់ ដោយសារមូលហេតុកត្តាភូមិសាស្ត្រអំណោយផល ដូចជា ទេសភាពស្អាត មានសមុទ្រ មានភ្នំ និងនៅជិតរាជធានីភ្នំពេញជាងគេ។
លោកឧកញ៉ា បានបង្ហោះរូបភាពភ្ជាប់ជាមួយនឹងខ្លឹមសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ថា៖ “ខ្ញុំនៅតែជឿជាក់ដីនៅខេត្តកំពតនឹងឡើងខ្ពស់ ដោយសារតែកត្តាភូមិសាស្រ្ត ទេសភាពស្អាត មានសមុទ្រ និង ភ្នំ នៅជិតភ្នំពេញជាងគេ។ ក្រោយពីប្រជុំ ២ថ្ងៃ និងដើរមើលភូមិសាស្រ្តរួច ពិតជាស្រលាញទ្វេរដង”។
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និងស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខេត្តកំពត មានទីក្រុងមួយនៅទីរួមខេត្តឈ្មោះ «ក្រុងកំពត»។
គួរបញ្ជាក់ថា ឧកញ៉ា ហ៊ួត ជា តែងតែធ្វើដំណើរទស្សនៈកិច្ចនៅតាមបណ្តារាជធានី ខេត្ត និងទៅក្រៅប្រទេសជាញឹកញាប់ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងមុខជំនួញ និងអាជីវកម្មរបស់លោក។ ជាក់ស្តែង កាលពីដើមខែកក្កដានេះ លោកឧកញ៉ា ក៏បានធ្វើដំណើរទៅទស្សនៈកិច្ចនៅប្រទេសស្វីស ផងដែរ៕