ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទើបនឹងបណ្ដេញមន្ត្រីជាន់ខ្ពស់ ២ រូបដែលមានមុខតំណែងសំខាន់ក្នុងជួររដ្ឋាភិបាល បន្ទាប់ពីយល់ឃើញថា ការដឹកនាំរបស់ពួកគេហាក់អសមត្ថភាព ព្រមទាំងចោទប្រកាន់បុគ្គលិកក្រោមឱវាទមានការឃុបឃិតជាមួយរុស្ស៊ី។ នេះបើតាមការចុះផ្សាយពី CNN។
“ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកតំណែង “អគ្គព្រះរាជអាជ្ញា” និង”ប្រធានសេវាសន្តិសុខអ៊ុយក្រែន” ចេញពីជួររដ្ឋាភិបាល”។ នេះបើតាមសម្ដីរបស់លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយ។
ដោយឡែក មន្ត្រី ២ រូបដែលត្រូវបានបណ្ដេញចេញនោះគឺលោកស្រី Iryna Venediktova មានតំណែងជាអគ្គព្រះរាជអាជ្ញា និងលោក Ivan Bakanov ប្រធានសេវាសន្តិសុខជាតិដែលបម្រើការជាមួយប្រធានាធិបតីអស់រយៈពេលជាយូរមកហើយ។
លោក Zelensky ក៏បានពន្យល់ពីមូលហេតុបញ្ឈប់មុខតំណែងរបស់មន្ត្រីចាស់វស្សាទាំង ២ រូបនេះផងដែរថា៖ “មានការរកឃើញពីអំពើឧក្រិដ្ឋកម្មដែលប្រឆាំងនឹងមូលដ្ឋានគ្រឹះរបស់សន្តិសុខជាតិ និងការជាប់ពាក់ព័ន្ធរវាងបុគ្គលិកផ្នែកសន្តិសុខជាតិអ៊ុយក្រែន និងកងកម្លាំងពិសេសរបស់រុស្ស៊ី ដែលបានបង្កជាសំណួរជាច្រើនពាក់ព័ន្ធនឹងថ្នាក់គ្រប់គ្រងទាំងអស់”។
“គ្រប់គ្នាដែលជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មខាងលើ ដែលបានផ្ដល់ប្រយោជន៍ទៅកាន់រុស្ស៊ី នឹងទទួលខុសត្រូវតាមផ្លូវច្បាប់ ព្រោះនេះគឺជាទោសធ្ងន់ដែលបញ្ជូនព័ត៌មានសំងាត់ ទៅកាន់កងទ័ពសត្រូវ ក៏ដូចជាការឃុបឃិតជាមួយនឹងកងកម្លាំងរុស្ស៊ី”៕