សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយអស់រយៈពេលជាយូរ ពោលចាប់តាំងពីចុងខែកុម្ភៈ មកទល់ពេលបច្ចុប្បន្ន ស្របពេលសហរដ្ឋអាមេរិកនៅតែបញ្ជូនសព្វាវុធ និងអំណោយមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែន។
ទន្ទឹមនឹងនោះ ទូរទស្សន៍ជាតិរបស់រុស្ស៊ីបានទម្លាយឲ្យដឹងថា សង្គ្រាមអាចនឹងបន្តរីករាលដាលដល់ប្រទេសទី ៣ នៅសហភាពអឺរ៉ុប ប្រសិនបើអាមេរិកនៅតែបន្តលូកដៃឥតឈប់ឈរចំពោះបញ្ហាមួយនេះ។
យោងតាមការចុះផ្សាយពី Newsweek បានឲ្យដឹងថា ពិធីការនីនៃប៉ុស្តិ៍ Russia Channel 1’s “60 minutes” គឺអ្នកស្រី Olga Skabeyeva បានព្រមានថា បើសិនលោកខាងលិចនៅតែបញ្ជូនសព្វាវុធមកអ៊ុយក្រែន បញ្ហាសង្គ្រាមនឹងកើតមានកាន់តែធំ។
ពិធីការនីខាងលើគឺបានសំដៅទៅលើកាំជ្រួចមីស៊ីលដែលអាចបាញ់បានប្រមាណ ៣០០ គីឡូម៉ែត្រ ដែលអាមេរិកទើបនឹងបញ្ជូនទៅឲ្យអ៊ុយក្រែនកាលពីប៉ុន្មានសប្ដាហ៍មុន ខណៈអ្នកស្រីបាននិយាយថា ប្រទេសទី ៣ ដែលអាចនឹងទាញចូលក្នុងសង្គ្រាមគឺ ប៉ូឡូញ។ នេះបើតាមការចុះផ្សាយពី Nypost៕