កម្ពុជាកំពុងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភ​ស្តុភារ​កម្ម​ទន្លេ​បាសាក់ សម្រាប់​ការ​ដឹក​ជញ្ជូន​​​តាម​ផ្លូវទឹក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធ​ភស្តុភា​រ​កម្ម​ទន្លេបាសាក់ សម្រាប់​ការ​ដឹក​ជញ្ជូនតាមផ្លូវទឹក។ ជំនួបពិភាក្សា​​ការងារអំពីគម្រោងបានធ្វើឡើង កាល​ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅ​​ទីស្តីការក្រសួង រវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈ​ប្រតិ​ភូ​​ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពានថ្នល់​ចិន​(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រង​ទូទៅប្រចាំប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់សារជាថ្មីអំពីសារ​សំខាន់នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារ​កម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអា​ច​ជួយ​កាត់​បន្ថយការចំណាយលើការដឹកជញ្ជូននិង​ភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយ​ស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាម​ផ្លូវ​ទឹកផងដែរ។

ការសិក្សាពីលទ្ធភាព​នៃគម្រោង​នេះ​ចាំបាច់​ត្រូវតែធ្វើឱ្យបាន​គ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:​កម្មាធិការអន្តរ​ក្រសួង​ពិភាក្សា​មុននឹងរាយការណ៍​ជូនដើម្បីរាជ​រដ្ឋាភិបាល​កម្ពុជាពិនិត្យពិចារណា ហើយការសិក្សាខ្នាតអន្តរជាតិ​នេះត្រូវធ្វើ​ឡើងដើម្បីស្វែងរកដែគូ វិនិយោគ​ពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល ក៏សង្កត់ធ្ងន់ថា គម្រោង​នេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​វា​នឹងផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ក៏ធា្លប់បានបង្ហើបពី​គម្រោង​​​ត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេ​បាសាក់​ទៅ​សមុទ្រ​កែប ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។​ គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​ពីទន្លេទៅ​កាន់​សមុទ្រ ត្រូវបានក្រសួងរំពឹងថា ​នឹង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ញ្ជូ​ន​នៅ​កម្ពុជា ជំរុញ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន​ទំនិញ និង​កាន់តែ​បង្កើន​ឱកាស​ឱ្យ​កម្ពុជា អាច​នាំ​ទំនិញ​ចេញ​-​ចូល កាន់តែ​ងាយស្រួល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ៕