កាលពីពេលថ្មីៗនេះ ក្រុមមហាសេដ្ឋីរុស្ស៊ីបានដាក់ពាក្យបណ្ដឹងទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីទទួលទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ជុំវិញបញ្ហារុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។
គោលបំណងនៃការដាក់ពាក្យបណ្ដឹងនេះផងដែរ គឺដើម្បីស្នើឲ្យលុបចោលនូវទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលពួកគេកំពុងជួបប្រទះ ហើយក៏បានអះអាងដែរថា សិទ្ធរបស់ពួកគេត្រូវបានរំលោភបំពាន និងបដិសេធពីការចោទប្រកាន់ថា មានទំនាក់ទំនងស្អិតល្មួតជាមួយវិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយពី The Wall Street Journal។
ក្នុងចំណោមដើមចោទទាំងអស់មានដូចជា ស្ដេចត្រាញ់លោហធាតុ Alisher Usmanov, មេធំធនាគារ Alfa Bank និងលោក Roman Abramovich ជាដើម ខណៈអតីតម្ចាស់ក្លឹប Chelsea បានលើកឡើងថា សហភាពអឺរ៉ុបបានរំលោភបំពានសិទ្ធបុគ្គលរបស់លោក ក្នុងនាមជាជនជាតិព័រទុយហ្គាល់។
បន្ថែមពីនោះ មានមហាសេដ្ឋីខ្លះទៀត ក៏មានបំណងចង់ឲ្យសហភាពអឺរ៉ុបសងនូវថ្លៃខូចខាតដែលបង្កដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរយៈពេលប៉ុន្មានខែមកនេះ ស្របពេលលឺល្ហៀងៗមកថា EU ក៏កំពុងពិចារណាលើការលុបចោលគំនាបសេដ្ឋកិច្ចលើក្រុមស្ដេចត្រាញ់រុស្ស៊ីផងដែរ។
ទន្ទឹមនឹងនោះ សារព័ត៌មាន Bloomberg បានរាយការណ៍ដែរថា មហាសេដ្ឋីរុស្ស៊ីប្រហែល ៤០ នាក់នឹងត្រូវបានដកចេញពីបញ្ជីខ្មៅ ខណៈ ៣០ នាក់ទៀតនឹងត្រូវជួបតទល់ជាមួយ EU ដោយផ្ទាល់នៅតុលាការ៕