ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ២ ពីភ្នំពេញទៅខេត្តតាកែវ នឹងបើកការដ្ឋានសាងសង់ឡើងវិញ នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ។
តាមពិតទៅ ផ្លូវជាតិលេខ២នេះ បានដំណើរការសាងសង់ជាបណ្ដើរៗហើយ
ប៉ុន្តែមិនទាន់បើកការដ្ឋានជាផ្លូវការ។
ការសាងសង់ក្នុងគម្រោងនេះ
គឺកម្ពុជាទទួលកម្ចីពីរដ្ឋាភិបាលកូរ៉េខាងត្បូង
ដែលគ្រោងនឹងចំណាយ ៤៥,៧លានដុល្លារ
ដោយមិនទាន់គិតប្រាក់បម្រុង ៨លានដុល្លារ។ ការធ្វើឲ្យប្រសើរឡើងផ្លូវទាំងនេះ គ្រោងប្រើរយៈពេល៣០ខែដើម្បីបញ្ចប់។
គម្រោងនេះត្រូវបែងចែកជា៣កំណាត់ ហើយផ្លូវត្រូវក្រាលបេតុងកៅស៊ូ(AC)។ ទី១ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ប្រវែងជាង៨គីឡូម៉ែត្រ ដោយពង្រីកទៅជា៤គន្លង ទទឹង១៥ម៉ែត្រសម្រាប់តំបន់នប្រជុំជន និង២០,៥ម៉ែត្រនៅក្រៅទីប្រជុំជន។ ទី២ ចាប់ពីរង្វង់មូលស្ដ្រីបីកួរស្រូវ ដល់រង្វងមូលអូរចំបក់ជិតទីរួមខេត្តតាកែវ ប្រវែង ៥៣,៨គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះមាន២គន្លង និងទទឹង១៣ម៉ែត្រ។ ទី៣ ផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោមប្រវែងជាង៩គីឡូម៉ែត្រ។ សរុបប្រវែងផ្លូវនៃគម្រោងនេះគឺសរុប ៧២គីឡូម៉ែត្រ។ ផ្លូវទាំងពីរខ្សែនេះ ត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ៕