មន្ត្រីនគរបាល​ជាន់ខ្ពស់ ៣៦រូប ត្រូវបានបញ្ចប់ងារ «ឧកញ៉ា» ក្នុងថ្ងៃខែឆ្នាំតែមួយ

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​សម្រេច​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់គោរម្យងារជា «ឧកញ៉ា» ដល់នាយនគរបាលជាន់ខ្ពស់ និងនាយ​នគរបាល​​ថ្នាក់​ឧត្តមសេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិកម្ពុជា នៃ​ក្រសួង​មហាផ្ទៃ​ ​​ចំនួន ៣៦​រូប។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ចប់គោរម្យងារ «ឧកញ៉ា» ដល់​មន្ត្រីនគរបាល​ជាន់ខ្ពស់ ៣៦រូប ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​តែ​មួយ​ខាង​លើ​នេះ ​​ក៏​មាន​ឈ្មោះ​ឧត្តម​សេនីយ៍ឯក (​ផ្កាយ​៣) ដួង ងៀប ​​ដែល​ត្រូវ​ជា​ឪពុក​របស់​លោក ដួង ឆាយ ផង​ដែរ។ ក្រោយ​​អស់​ងារ​ជា​ឧកញ៉ា ​​លោក​ ដួង ងៀប បន្ត​មាន​រឿង​អាស្រូវ​មួយ​ចំនួន​ទៀត ​ហើយ​នៅ​ដើម​ឆ្នាំ​២០២២​នេះ លោក​ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ ​​ឃាត់​ខ្លួន​ និង​កាត់ទោសពីបទ «ផិតក្បត់» ហើយត្រូវបាន​កាត់ទោសពីបទ «ឆបោកជនជាតិតៃវ៉ាន់» ថែម​ទៀត។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់​របស់កម្ពុជា ដែលមាន ទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើស​ជាបន្ទាន់ថា តើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន៕