លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា សម្រាប់បុគ្គលដែលមានសីលធម៌នៅក្នុងសង្គមមិនល្អដូចជា បុគ្គលដែលមានស្រី ឬប្រពន្ធច្រើន រាជរដ្ឋាភិបាលមិនគួរជូនគោរម្យងារដ៏សំខាន់ជា «ឧកញ៉ា» នោះទេ ព្រោះថាអ្នកដែលផ្តល់ និងប្រគេនគោរម្យងារនេះ គឺជាអង្គព្រះមហាក្សត្រ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះ យល់ថា ការដែលបុគ្គលមួយរូប ទទួលបានគោរមងារជាឧកញ៉ានេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ គួរតែគិតវិនិច្ឆ័យអំពីលក្ខណៈសម្បត្តិ និងគុណតម្លៃរបស់បុគ្គលនោះ ជាជាងគិតតែអំពីបញ្ហាហិរញ្ញវត្ថុ ហើយគួរណាស់តែគិតអំពីសីលធម៌នៃការរស់នៅប្រចាំថ្ងៃរបស់ឧកញ៉ាទៀតកាន់តែល្អ។
លោក ប៉ិច ពិសី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ថា៖ “យើងគួររៀបចំលក្ខណៈវិនិច្ឆ័យឱ្យច្បាស់ ទី១ ប្រវត្តិការរួមចំណែករបស់គាត់នៅក្នុងសង្គម ទី២ សីលធម៌នៃការរស់នៅរបស់គាត់។ ឧទាហរណ៍ថា បើសិនជាគាត់មានប្រឡាក់ប្រឡូសរឿងស្រីលើសពីច្បាប់យើង មានស្រី ឬប្រពន្ធច្រើន យើងមិនអាចជូនងារឧកញ៉ាបាននោះទេ ហើយបើគាត់បំពានប្រយោជន៍សាធារណៈ ដូចជាការបំពានដីធ្លីអ្នកផ្សេងដោយខុសច្បាប់ នេះក៏ជាបញ្ហាសីលធម៌មួយដែរ ដែលយើងមិនគួរជូនគោរម្យងារដ៏សំខាន់នេះជូនទៅបុគ្គលនោះបានទេ”។
គួរបញ្ជាក់ថា កាលពីទី០៣ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរម្យងារឧកញ៉ា» តាមប្រព័ន្ធវិដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរម្យងារឧកញ៉ា និងការដកហូតគោរម្យងារឧកញ៉ា ខណៈដែលសេចក្តីព្រាងព្រះរាជក្រឹត្យនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២នេះ៕