យោងតាមទិន្នន័យផ្ដល់ឲ្យពីធនាគារកណ្ដាលរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ទុនបម្រុងមាសត្រូវបានលក់ចេញប្រហែល ១២,៤ ពាន់លានដុល្លារ តាំងពីរុស្ស៊ីបើកការឈ្លានពាននៅចុងខែកុម្ភៈ។
យ៉ាងណា ទិន្នន័យខាងលើគឺហាក់ដូចជាច្រើនលើសលុប ដ្បិតនៅត្រីមាសតំបូងនៃឆ្នាំ ២០២២ World Gold Council បានបញ្ចេញរបាយការណ៍ថា ទុនបម្រុងមាសរបស់អ៊ុយក្រែនមានប្រហែល ២៧ តោន ឬប្រមាណ ១,៦៩ ពាន់លានដុល្លារ។
ដូច្នេះ បើសិនអ៊ុយក្រែនលក់មាសសុទ្ធបានថវិកាជាង ១២ ពាន់លានដុល្លារពិតមែន នោះវាគឺស្មើនឹងមាសប្រហែល ៤៩១ តោន ឬច្រើនជាង ១៨ ដងនៃទិន្នន័យទទួលបានកាលពីត្រីមាសតំបូង។ នេះបើតាមការចុះផ្សាយពី Washingtonexaminer។
សូមជម្រាបដែរថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺបានចំណាយលុយច្រើនសន្ធឹក ពោលរុស្ស៊ីត្រូវការចាយប្រហែល ៩០០ លានដុល្លារក្នុងមួយថ្ងៃ បើតាមការសន្និដ្ឋានពីនិពន្ធនាយកនៃ SOFREP សារព័ត៌មានផ្ដោតលើកងយោធា។
ដោយឡែក សម្រាប់អ៊ុយក្រែនវិញ ដ្បិតបើចាយមិនច្រើនដូចរុស្ស៊ី ប៉ុន្តែក្នុងមួយថ្ងៃពួកគេក៏ត្រូវចំណាយប្រហែល ៣៣៣ លានដុល្លារ ឬ ១០ ពាន់លានដុល្លារ/ខែផងដែរ សម្រាប់សង្គ្រាមមួយនេះ។ នេះបើតាមការសន្និដ្ឋានពីរដ្ឋមន្ត្រីនៃក្រសួងការពារជាតិបានអះអាងកាលពីខែមេសា៕