នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យ បន្ថែមចំនួនគណៈអភិបាលរាជធានី ខេត្ត និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ច្រើនជាងមុន ដែលមានចំនួនសរុបដល់ទៅ ១៧០៣ នាក់ នៅទូទាំងប្រទេស។
តាមរយៈអនុក្រឹត្យថ្មីនេះ ចំនួនគណៈអភិបាលរាជធានី ខេត្ត គឺមានចំនួន១១នាក់ ទាំង២៥រាជធានី ខេត្ត មានន័យថា អភិបាលរាជធានី ខេត្ត ១នាក់ មានអភិបាលរងរាជធានី ខេត្ត ចំនួន ១០នាក់។ ចំណែកឯ ចំនួនគណៈភិបាលក្រុង ស្រុក ខណ្ឌ គឺមាន ៧នាក់ ស្មើៗគ្នា ដែលមានន័យថា អភិបាលមួយរូប គឺមានអភិបាលរងក្រុង ស្រុក ខណ្ឌ ចំនួន ៦នាក់។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មាន ២៥រាជធានី ខេត្ត និងមាន ២០៤ ក្រុង ស្រុក ខណ្ឌ។
គួរបញ្ជាក់ថា ការសម្រេចបន្ថែមចំនួនអភិបាលនេះ ធ្វើឡើងបន្ទាប់ពី មានការធ្វើវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
មាត្រា១៤០ ថ្មី បានចែងថា៖
– គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប។
– គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ ១១រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។
ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រីឯ មាត្រា ១៤០ ចាស់ បានចែងថា៖
– គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ៧រូប។
– គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៣រូប ទៅ ៥រូប។
ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕