មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កំណើននៃការចិញ្ចឹមជ្រូកនៅកម្ពុជា អាចជួយផ្គត់ផ្គងទីផ្សារនៅក្នុងប្រទេសកម្ពុជាបាន ហេតុនេះកម្ពុជាមិនត្រូវការនាំចូលជ្រូកនោះទេ។
ការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្លែងក្នុងសិន្និសីទនោះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយ កដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា«កំណើនការចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាអាចផ្គត់ផ្គង ទីផ្សារនៅក្នុងប្រទេសកម្ពុជាបាន ហើយខ្ញុំអាចធានាថារហូតដល់បំណាច់ឆ្នាំ២០២២នេះ យើងមិនត្រូវការនាំចូលជ្រូកនោះទេ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានឲ្យដឹងថា កន្លងមកខាងអគ្គនាយកដ្ឋានក្រសួងកសិកម្ម បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ មន្ទីរកសិកម្មគ្រប់រាជធានី ខេត្តធ្វើការខំប្រឹងទប់ស្កាត់កុំឱ្យមានការលួចនាំចូលជ្រូកពីប្រទេសជិតខាង។
ឯកឧត្តមបន្តថា ចំពោះការនាំចូលពីជ្រូកវៀតណាម គឺគ្មានគោលការណ៍ផ្លូវច្បាប់នោះទេ ហើយក្រសួងកសិកម្មមិនបានអនុញ្ញាតឱ្យនាំចូលជ្រូកពីវៀតណាមរយៈពេលជិត៩ខែមកហើយ ដូច្នេះយើងមិនអនុញ្ញាតនាំចូល គឺយើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ផងដែរ។
គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍ដែលបង្ហាញក្នុងសិន្នសីទខាងលើ បានបង្ហាញថា ដោយមានការលើកកម្ពស់សុខភាពសត្វ និងផលិតកម្មសត្វ ផលិតផលគឺមានការកើនឡើង១១,២% ដោយការផ្គត់ផ្គង់ក្នុងស្រុកបាន ៨៧% និងការចិញ្ចឹមបែបពាណិជ្ជកម្មកើនឡើងដល់២០% ក្នុងឆ្នាំ២០១៧ និងកើនដល់ ៣៩% ក្នុងឆ្នាំ២០២១។ការកើនឡើងនេះ ដោយសារប្រជាកសិករ បានផ្លាស់ប្តូរ ទម្លាប់មកចិញ្ចឹមបែបពាណិជ្ជកម្ម និងមានការបង្កើនគុណភាព អនាម័យសាច់ សុខភាពសាធារណៈ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងសត្វជាដើម៕
អត្ថបទ៖ រង្សី