ហាងម៉ាស្សាមួយកន្លែង ដែល​សម្តេច​តេជោ ហ៊ុន សែន ​ប្រទះ​ភ្នែក រួច​ចុះ​​​ជួប​សំណេះសំណាលមានប្រវត្តិ​បែបណា?

អាជីវកម្ម

ហាងម៉ាស្សាសំណាងខេមបូឌា ដែលមាន​ទីតាំង​នៅក្បែរ​សណ្ឋាគារ​សុខា បាន​ទទួល​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពី​ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០២២ បានជួប​ដោយចៃដន្យ​ និង​បាន​ចុះសំណេះសំណាល ក្រោយ​ពេល​សម្ដេចបាន​ចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សែម សំណាង ម្ចាស់ហាងម៉ាស្សា សំណាងខេមបូឌា បានផ្ដល់សម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា​ ហាង​ម៉ាស្សា​នេះ​ទើប​តែ​បើក​ដំណើការ​ការ​ជិត ២ ខែ​ ដើម្បី​បើកឱកាសដល់បងប្អូនជនពិការឱ្យមានការងារធ្វើ សម្រាប់ដោះស្រាយជីវភាពគ្រួសារ។

ហាងម៉ាស្សាដោយបងប្អូនជនពិការភ្នែកនេះមានទាំងអស់ ៥សាខា ដែលសាខានៅរាជធានីភ្នំពេញនេះ ទើប​បើកដំណើរការបាន​ជាង ២ ខែ រីឯសាខាតាមខេត្តដូចជា​ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដំណើរការមកទល់ពេលនេះរយៈពេល ១០ឆ្នាំហើយ។

លោក សែម សំណាង ក្រៅពី​គ្រប់គ្រង​នៅ​ហាង​ម៉ាស្សា ក៏​ជា​ប្រធាន​សមាគមវិទ្យុ​ទូរទស្សន៍ Online សម្លេងជនពិការភ្នែកផង​នោះ​បាន​បន្តថា មូលហេតុដែលលោកបើកហាងម៉ាស្សានេះឡើង ព្រោះលោកយល់ឃើញថាបងប្អូនជនពិការមានជំនាញពិសេសមួយទៀតបន្ទាប់ពីធ្វើការខាងវិទ្យុ និងទូរទស្សន៍ គឺជំនាញក្នុងការចាប់សរសៃ និង ម៉ាស្សា ​។

លោក​បន្ត​ថា ចំពោះការម៉ាស្សាជួយបានច្រើនណាស់ផ្នែករាងកាយ ដូចជាសម្រួលសរសៃឈាម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ថ្លោះគ្រេចព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

លោកបានបញ្ជាក់ផងដែរថា ចំពោះការបើកហាងម៉ាស្សានេះគឺមានកត្តាប្រឈមដូចជា ចំណូលមិន​ទៀង​អាស្រ័យ​តាម​ភ្ញៀវតិច​ឬ​ ច្រើន​ និង​តាម​រដូវកាល​ផង​ដែរ។ បើ​តាមលោក​សែម សំណាង ក្នុងមួយថ្ងៃអាចរកចំណូលបានចាប់ពី ១០០ ០០០ ទៅ ២០០ ០០០ ក្នុងមួយថ្ងៃ ដែលពាក់កណ្ដាលប្រគល់ឱ្យម្ចាស់ហាង ពាក់កណ្ដាលទៀតសម្រាប់បងប្អូនជនពិការដែលធ្វើការម៉ាស្សានោះ។

លោកថា តម្លៃ​វិញ​សម្រាប់​អតិថិជនជាជនជាតិខ្មែរចំណាយត្រឹមតែ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ោង។ រីឯជនបរទេស ៨ដុល្លារក្នុងម៉ោង បន្ថែមការម៉ាស្សាបាតជើង ១០ដុល្លារក្នុងមួយម៉ោងទៀត។

លោក​សែម សំណាង បា​នសំណូមពរ​បងប្អូនខ្មែរ ក៏ដូចជាជនបរទេសចូលមកម៉ាស្សានៅហាងម៉ាស្សារបស់បងប្អូនជនពិការភ្នែក ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់៕