រដ្ឋ​ នឹងបណ្តាក្រុមហ៊ុនចំនួន៤៥ កំពុងពង្រឹងការដោះស្រាយបញ្ហាសេវាទូរសព្ទ និងអ៊ីនធឺណិតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ ក្រុមហ៊ុន បានចាប់ផ្តើមបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កាលថ្ងៃទី១៤-១៩ ខែកក្កដា ក្រសួងបានបើកកិច្ចប្រជុំ​​ ដោយបែងចែកជា៤ក្រុម​ ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។

ឯកឧត្តមបន្តថា តាមរយៈកិច្ចប្រជុំនោះ ក្រសួងបានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។

ជាមួយគ្នានេះ  ឯកឧត្តមបញ្ជាក់ថា ក្រសួងក៏ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។

សូមរម្លឹកដែរថា កាល​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ ​​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី ការ​សាងសង់​ស្ថានីយអង់តែន​បន្ថែម​ចំនួន១០០ ដើម្បី​លើក​កម្ពស់​គុណភាព​សេវា​ នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់​ស្រយាល។

ដោយឡែក ការប្រជុំពង្រឹងការដោះស្រាយបញ្ហាសេវាទូរសព្ទ និងអ៊ីនធឺណិត​​ ព្រមទាំងការប្រកាសសាងសង់ស្ថានីយអង់តែនចំនួន១០០បន្ថែមនេះ គឺធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសនៅតាមតំបន់ទេសចរណ៍​នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។ដែលការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីព្រឹក​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕