បើតាមសម្ដីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក John Kirby បាននិយាយថា រុស្ស៊ីកំពុងរៀបគម្រោងស៊ីដាច់ដីមួយចំណែករបស់អ៊ុយក្រែន តាមគន្លងចាស់ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ ២០១៤ នៅតំបន់ Crimea។
“យើងចង់បង្ហាញឲ្យប្រជាពលរដ្ឋអាមេរិកមើលឃើញកាន់តែច្បាស់ ថាគ្មានអ្នកណានឹងចាញ់បោកអំពើ ដូចដែលប្រធានាធិបតីពូទីនបានធ្វើកាលពីឆ្នាំ ២០១៤ ឡើយ”។ នេះបើតាមសម្ដីរបស់លោក Kirby បានប្រាប់ទៅសារព័ត៌មាន។
បុរសខាងលើបានចោទរុស្ស៊ីថា កំពុងដាក់មន្ត្រីរុស្ស៊ីជាច្រើនរូបទៅគ្រប់គ្រងតំបន់ខ្លះៗរបស់អ៊ុយក្រែន ជាមួយនឹងគោលបំណងរៀបចំប្រជាមតិដើម្បីកែប្រែតំបន់ទាំងនោះទៅជាផ្នែកមួយនេះប្រទេសរុស្ស៊ី។
អតីតអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកខាងលើបានបញ្ជាក់ទៀតថា លោកកំពុងលាតត្រដាងពីផែនការរបស់រុស្ស៊ីឲ្យពិភពលោកបានដឹងថា រាល់តំបន់ដែលរុស្ស៊ីកំពុងមានបំណងចង់គ្រប់គ្រង គឺសុទ្ធតែបានរៀបចំទុកមុន ហើយអាមេរិក និងសម្ព័ន្ធមិត្តនឹងធ្វើការឆ្លើយតបឲ្យបានរហ័សបំផុតតាមដែលអាចធ្វើទៅបាន។
គួសរំលឹកដែរថា តំបន់ដែលមានភាគរយច្រើនក្នុងផែនការកាន់យកដីរបស់រុស្ស៊ីគឺមានដូចជា Kherson, Zaporizhzhia, Donetsk និង Luhansk៕