ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត ឯកឧត្តម José Ramos-Horta បានស្នើទៅកាន់កម្ពុជា ឲ្យជួយពន្លឿននីតិវិធីស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងជំនួបនោះ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត បានឲ្យដឹងថា ក្នុងអំឡុងបេសកកម្មស្វែងរកការពិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចនេះ គឺដើម្បីវាយតម្លៃភាពស្រេចបាច់ក្នុងការស្នើសុំរបស់ទីម័រចូលជាសមាជិកអាស៊ាន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ទីម័រក្នុងការចូលជាសមាជិកអាស៊ាន។ ឯកឧត្តមប្រធានាធិបតី ក៏បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីម័រខាងកើតក្នុងការរៀបចំខ្លួន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដើម្បីអាចទាញយកប្រយោជន៍នៅពេលចូលជាសមាជិកអាស៊ានទី១១។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតី ក៏បានស្នើកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ដើម្បីជួយពន្លឿននីតិវិធីស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលគណៈប្រតិភូនៅពេលនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានចែករំលែកពីបញ្ហាប្រឈម ក៏ដូចជាបទពិសោធន៍របស់កម្ពុជានៅពេលស្នើសុំចូលជាសមាជិកអាស៊ាន ដើម្បីទីម័រអាចរៀនសូត្រ និងត្រៀមខ្លួនបានល្អក្នុងយុទ្ធនាការចរចាស្នើសុំចូលជាសមាជិកនេះ។
គួរបញ្ជាក់ដែរថា ក្រៅពីការស្នើកម្ពុជាជួយពន្លឿននីតិវិធីស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រហើយនោះ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើការជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលនិងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕
អត្ថបទ៖ រង្សី