ចិនព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើអាមេរិកបញ្ជូនប្រធានសភា មកទស្សនកិច្ចនៅតៃវ៉ាន់

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសចិន បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការណ៍ដោយបង្ខំមួយ ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi មកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ បន្ទាប់ពីកាសែត Financial Times បាននិយាយថា លោកស្រីនឹងអញ្ជើញមកកាន់កោះនេះ នៅខែក្រោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតដដែលនេះ បានបន្ថែមទៀតថា លោកស្រី Pelosi និងគណ:ប្រតិភូរបស់លោកស្រី ក៏នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ ហើយឆ្លៀតចំណាយពេលទៅកោះហាវ៉ៃ ដែលជាទីស្នាក់ការកណ្តាលនៃបញ្ជាការរបស់សហរដ្ឋមអាមេរិក នៅឥណ្ឌូប៉ាស៊ីហ្វិក ។

ប៉ុន្តែ ការិយាល័យរបស់លោកស្រី និងក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះការមកបំពេញទស្សនកិច្ច នៅតៃវ៉ាន់នោះឡើយ ស្របពេលក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនមិនបានទទួលព័ត៌មានណាមួយ ពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចនេះផងដែរ ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រជាធិបតេយ្យ ទៅកោះតៃវ៉ាន់ ត្រូវបានពន្យាពេល កាលពីខែមេសា បន្ទាប់ពីលោកស្រី Pelosi បានតេស្តវិជ្ជមានកូវីដ ១៩ ខណ:នៅពេលនោះ រដ្ឋាភិបាលចិន បាននិយាយថា ទស្សនកិច្ចបែបនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង ចិន-អាមេរិក ។

លើសពីនេះ ដោយថ្លែងក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យការបរទេសចិន លោក Zhao Lijian បាននិយាយថា ដំណើរទស្សនកិច្ចណាមួយរបស់លោកស្រី Pelosi នឹងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ។

មិនតែប៉ុណ្ណោះ លោក Zhao បាននិយាយថា ៖ ” ប្រសិនបើភាគីអាមេរិក ប្រកាន់ខ្ជាប់នូវផ្លូវនេះ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ ។ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីបញ្ហានេះ”។

គួរឱ្យដឹងថា តៃវ៉ាន់ បានប្រឈមមុខជាមួយនឹងសម្ពាធកាន់តែខ្លាំងពីចិន នៅពេលពួកគេបានចាត់ទុកកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ គឺជាទឹកដីរបស់ខ្លួន ខណ:បញ្ហានេះ បានក្លាយជាភាពរកាំរកូសឥតឈប់ឈរ សម្រាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលសហរដ្ឋអាមេរិក ព្យាយាមលូកដៃ ក្នុងការគាំទ្រតៃវ៉ាន់ ដើម្បីផ្តាច់ខ្លួនចេញពីប្រទេសចិន ៕