នៅមុននេះបន្តិច សមាជិកសភាស្រីលង្កា បានសម្រេចបោះឆ្នោតជ្រើសរើសយកនាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ជាប្រធានាធិបតីថ្មី បើទោះបីជាគាត់មិនទទួលបានប្រជាប្រិយភាពពីសំណាក់សាធារណជនក៏ដោយ ។
លោក Wickremesinghe បានយកឈ្នះគូប្រជែងសំខាន់របស់គាត់ គឺលោក Dullus Alahapperuma សម្រាប់តំណែងជាប្រធានាធិបតីនេះ ជាមួយនឹងសម្លេងឆ្នោត ១៣៤ ទល់នឹង ៨២ នៅក្នុងការបោះឆ្នោតសភាចុងក្រោយ ។
គួរឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន ដោយគាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ និងបន្ទាប់មកទៅកាន់ប្រទេសសិង្ហបុរី ក្រោយពីក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានសម្រុកចូលទៅកាន់ផ្ទះរបស់លោក និងអគាររដ្ឋាភិបាលផ្សេងទៀត ដើម្បីអំពាវនាវឱ្យគាត់ លាលែងចេញពីតំណែង ។
បញ្ជាក់ទៀតថា មុនពេលបោះឆ្នោតជ្រើសតាំងនេះ លោក Wickremesinghe ត្រូវបានរដ្ឋាភិបាលស្រីលង្កា ចាត់តាំងជានាយករដ្ឋមន្ត្រីថ្មី ជំនួសតំណែងលោក Mahinda Rajapaksa ដែលបានលាលែងចេញពីតំណែង នៅក្នុងខែឧសភា។
មិនតែប៉ុណ្ណោះ កាលពីសប្តាហ៍មុន លោក Wickremesinghe ត្រូវបានចាត់តាំងជាប្រធានាធិបតីស្តីទី បន្ទាប់ពី លោក Rajapaksa បានរត់ភៀសខ្លួន។ ហើយសម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃនេះ មានន័យថា លោកនឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិ សម្រាប់អាណត្តិដែលនៅសេសសល់ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ងាកមកមើលប្រវត្តិការងារបន្តិច លោក លោក Wickremesinghe បានចូលប្រឡូកក្នុងឆាកនយោបាយស្រីលង្កា អស់រយៈពេល ៤៥ ឆ្នាំមកហើយ ដោយបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីពីរដង និងជានាយករដ្ឋមន្ត្រីចំនួន ៦ដង។
បុរសវ័យ ៧៣ ឆ្នាំរូបនេះ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Ceylon លោកបានចូលស្បថធ្វើជាអ្នកតស៊ូមតិរបស់តុលាការកំពូលស្រីលង្កា ក្នុងឆ្នាំ ១៩៧០ ហើយបានធ្វើជាមេធាវីអស់រយ:ពេល ៥ ឆ្នាំ ។ ក្រៅពីនោះ លោក Wickremesinghe ធ្លាប់បានបម្រើការជាអនុប្រធានសហភាពប្រជាធិបតេយ្យអន្តរជាតិ តាំងពីឆ្នាំ ២០០៥ ស្របពេលលោកក៏ធ្លាប់ត្រូវបានតែងតាំងជាប្រធានសហភាពប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិកផងដែរ ។
លោក Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ខណ:លោកបានចូលកាន់តំណែង បន្ទាប់ពីការធ្វើឃាតរបស់អតីតប្រធានាធិបតីស្រីលង្កា លោក Ranasinghe Premadasa ។ បន្ទាប់ពីបម្រើរហូតដល់ឆ្នាំ ១៩៩៤ លោក Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម្តងទៀតក្នុងឆ្នាំ ២០០០ ក្រោមអធិបតីភាពរបស់អតីតប្រធានាតីស្រី Chandrika Bandaranaike ។
មិនតែប៉ុណ្ណោះ លោក Wickremesingheធា្លប់បានឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ ២០០៥ ប៉ុន្តែបានចាញ់សម្លេងឆ្នោត លោក Mahinda Rajapaksa យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕