ក្រៅពីផលិតផលមីនាំចូលផ្សេងៗពីបរទេស បច្ចុប្បន្ននេះកម្ពុជាក៏មានក្រុមហ៊ុនក្នុងស្រុកចំនួន ៣ កំពុងវិនិយោគដំណើរការរោងចក្រផលិតមីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ប្រជែងយីហោមីនាំចូលពីក្រៅប្រទេស។
១/ មីយើង
មីយើងជាយីហោមីខ្មែរមុនគេ ដែលចេញចរាចរណ៍តាំងពីឆ្នាំ ២០១៩ វិនិយោគដោយក្រុមហ៊ុនម៉ែន សារុន។
មីយើង បានទទួលបានការវាយតម្លៃ ជាផលិតផលដែលមានស្តង់ដាអនាម័យល្អចំពោះសុខភាព និងទទួលស្គាល់ដោយអង្គការចំណីអាហារអន្តរជាតិ (ISO)។ មីយើងផលិតមាន ៤ រសជាតិ គឺរសជាតិសាច់ជ្រូក សាច់មាន់ សាច់គោ និងសាច់ទាជាដើម។
២/មីជាតិ
មីជាតិ ទើបតែចេញលក់លើទីផ្សារបានជាង ៣ឆ្នាំប៉ុណ្ណោះ ជាវិនិយោគទុនក្នុងស្រុកទាំងស្រុងនៅឆ្នាំ២០១៩ ដោយក្រុមហ៊ុន One More Manufacturing ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។
វត្តមាននៃមីជាតិគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ដែលមានស្លាកយីហោមីក្នុងស្រុកតំណាងឲ្យផលិតផលជាតិ។
មីជាតិ ត្រូវបានផលិតដោយឆ្លងកាត់ការពិសោធ ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ដូចទៅនឹងពាក្យស្លោករបស់មីជាតិ “ស្នាដៃខ្មែរ រសជាតិខ្មែរ”។
មីជាតិក៏ជាផលិតមីកញ្ចប់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់។
៣/ មីម៉ាម៉ា
មីម៉ាម៉ាជាយីហោមីដ៏ល្បីនៅប្រទេសថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៧២ ដោយក្រុមហ៊ុន Thai President Food PLC។ ពលរដ្ឋខ្មែរច្រើននិយមហៅមីថៃ ឬមីសៀម។ ការពិតមីម៉ាម៉ា មានរោងចក្រផលិតក្នុងស្រុកខ្មែរជាយូរឆ្នាំមកហើយ ដែរ ហើយបងប្អូនជាច្រើនច្រឡំថានាំចូលពីថៃ។
លក្ខណៈពិសេសរបស់មីថៃឬម៉ាម៉ានេះ ក្រៅពីអាចញាំទទេជាអាហារសម្រន់ ឬក៏អាចញាំឆុងជាមួយទឹកក្ដៅក៏បាន៕