អតិផរណារបស់ចក្រភពអង់គ្លេស កើនឡើងខ្ពស់បំផុត មិនធ្លាប់មានរយ:ពេល ៤០ ឆ្នាំ

អន្តរជាតិ

អតិផរណាប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៤០ ឆ្នាំ កាលពីខែមិថុនា ដោយសារតែមានការកើនឡើងលើតម្លៃប្រេងឥន្ធន: និងអាហារ ដែលជាការបន្ថែមបន្ទុកកាន់តែខ្លាំង ទៅលើវិបត្តិតម្លៃនៃការរស់នៅ ។ នេះបើយោងតាមទិន្នផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃពុធ ទី ២០ ខែកក្កដានេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរិយាល័យស្ថិតិជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់ ៩,៤ ភាគរយកាលពីខែមុន ពីចំនួន ៩,១% នៅក្នុងខែឧសភា ។

មិនតែប៉ុណ្ណោះ ក្រុមអ្នកវិភាគបាននិយាយផងដែរថា ទិន្នន័យនេះ ហាក់ដូចជាបានដាក់សម្ពាធទៅលើធនាគារកណ្តាលរបស់អង់គ្លេស ឱ្យដំឡើងអត្រាការប្រាក់រហូតដល់ ៥០ នៅចំណុចមូលដ្ឋាន ឬពាក់កណ្តាលភាគរយនៃចំណុចនេះ។ ហើយធនាគារកណ្តាលរំពឹងថា អតិផរណារបស់អង់គ្លេស អាចនឹងកើនឡើងទ្វេដង នៅឆ្នាំនេះ ។

គួរឱ្យដឹងថា អតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយ:ពេលជាច្រើនទស្សវត្សរ៍ នៅក្នុងបណ្តាប្រទេសជាច្រើន ដោយសារតែការបង្ករឡើងដោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងរួមទាំងការបន្ធូរបន្ធយចំពោះការរឹតបន្តឹងទៅលើបញ្ហាកូវីដ ១៩ ផងដែរ ។

បញ្ជាក់ថាបញ្ហាទាំងនោះ បានបង្ខំឱ្យធនាគារកណ្តាល ព្យាយាមដំឡើងអត្រាការប្រាក់ខ្ពស់ ដោយប្រថុយប្រថាន ជាមួយនឹងការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ច ព្រោះនៅពេលដែលអត្រាការប្រាក់កាន់តែខ្ពស់ នោះវានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ម្ចាស់អាជីវកម្ម និងអតិថិជន ៕