ក្រៅពីការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផល ក្រសួងពាណិជ្ជកម្មនៅបន្តែរកចំណូលចូលថវិកាជាតិ បានប្រមាណជាង៥២.២៨ប៊ីលានរៀល ឬប្រមាណជាង១២លានដុល្លារ រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ។
អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក៏ជាក្រសួង ដែលរកចំណូលបំពេញថវិកាជាតិផងដែរ ដោយក្នុងរយៈពេល៥ឆ្នាំកន្លងកន្លងមកនេះ ក្រសួងបានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណ៤៩៧.៤៨ប៊ីលានរៀល ឬប្រមាណជាង១២០លានដុល្លារអាមេរិក ស្មើនឹង១០៦.៦%នៃផែនការថវិកា។
បើតាមលោក ប៉ែន សុជាតិ ចំណូលទាំងនេះបានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្មនៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។
គួររម្លឹកថា ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន២២០.២៦ប៊ីលានរៀល ឆ្នាំ២០១៩ បានជាង១១៣ប៊ីលានរៀល, ឆ្នាំ ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល និងឆ្នាំ ២០២១ ទទួលបាន៥៨.៩០ប៊ីលានរៀល៕