មកដល់ពេលនេះ មាន​ផលិតផល​ណា​ខ្លះ​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ក្រសួងពាណិជ្ជកម្ម

អាជីវកម្ម

ត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ មានផលិតផលតាម​ខេត្ត​និង​តំបន់មួយ​ចំនួន ត្រូវ​បាន​ទទួលការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ជា​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជា​សមូហភាព និងចុះបញ្ជីម៉ាកវិញ្ញាតកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សន្និសិទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងពាណិជកម្ម​កាល​ពី​ម្សិលមិញ​នេះ​បានឲ្យដឹងថា គិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២២ មានផលិតផលមួយចំនួនទទួលបានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ដែលក្នុង​នោះ​មានដូចជា៖

ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ (ខេត្តក្រចេះ) ប្រហុកសៀមរាប បង្គាក្រៀមកោះកុង បង្គាក្រៀមកំពង់សោម និងទឹកឃ្មុំមណ្ឌលគិរី បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពីក្រសួងពាណិជ្ជកម្ម។

ដោយឡែក គុយទាវភ្នំពេញ អំបុកកំពង់ធំ និងអង្ករព្រះវិហារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជា​ម៉ាកសមូហភាព។ ចំណែកចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល ក្រូចពោធិ៍សាត់ ដូងខ្ទឹះបាត់ដំបង និងនំបញ្ចុកសៀមរាប កំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាព។

ជាមួយគ្នានេះ សហគ្រាសម្លិះអង្គរ ( Malys Angkor ) ក៏ទទួលបានការចុះបញ្ជីម៉ាកវិញ្ញាតកម្ម ពីក្រសួងពាណិជ្ជកម្មរួចរាល់ផងដែរ។

ផលិតផលមួយចំនួនដែលកំពុងសិក្សាប្រមូលព័ត៌មាន និងរៀបចំចុះបញ្ជីម៉ាកមានដូចជា ទឹកត្រីកំពត-កែប បង្កងតាកែវ អំបិលនិងផ្កាអំបិលកំពត-កែប ក្ដាមថ្មកោះកុង  ស្មូនឆ្នាំងដី-ខេត្តកំពង់ឆ្នាំង ពងទាកូនស្រែរនោង-ខេត្តតាកែវ សូត្រភ្នំស្រុក អង្ករស្មាច់ស្វាយរៀង ទុរេនកំពត ទុរេនសំឡូត មៀនប៉ៃលិន និងអង្ករនាងអំ។

គួររំឮកថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ​​ក្រសួងពាណិជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសញ្ញាពាណិជ្ជកម្មចំនួន ២៩,០៨៤ពាក្យស្នើសុំ។ ក្នុងឆមាសទី១​ ឆ្នាំ ២០២២នេះបានចំនួន ១២២៦ពាក្យស្នើសុំ កើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕