ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់រងរបួសធ្ងន់ បន្ទាប់ពីស្ទូចលើកអេស្កាវ៉ាទ័រ ធន់តូចមួយគ្រឿង មិនបានមើលលើ បែជាដងស្ទូចទៅទាក់ប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យឆ្លងឆក់ កាលពីវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅយានដ្ឋានមួយកន្លែង ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ជនរងគ្រោះឈ្មោះ យឹម ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ បកបររថយន្តស្ទូច មានទីលំនៅ សង្កាត់បឹងក់១ ខណ្ឌទួលគោក ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខាងយានដ្ឋានចំណុចខាងលើ ទូរស័ព្ ទហៅជួលរថយន្តរបស់គាត់ឲ្យមកលើកគ្រឿងចក្រ ប្រភេទអេស្កាវ៉ាទ័រ ធុនតូចមួយគ្រឿង ហើយខណៈដែលរៀបចំស្ទូចលើក បើកប្រតិបត្តិការ លើកដងស្ទូច ស្រាប់តែជ្រុលទៅប៉ះនឹងខ្សែកាបភ្លើង នៅពីខាងលើ បណ្តាលឲ្យទាក់ឆ្លងឆក់តែម្តង ។
ក្រោយពីជួបឧប្បត្តិហេតុ ឆក់ចរន្តភ្លើងខាងលើ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយលើកយកចេញ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកជួយអន្តរាគមន៍ ។ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង តាមការស្នើសុំរបស់ជនរងគ្រោះ ។ ចំណែករថយន្តស្ទូចនៅទាក់ជាប់នឹងខ្សែកាប ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យនិងទាក់ទង ទៅខាងអគ្គីសនី មកពិនិត្យ ដើម្បីយករថយន្តស្ទូចចេញវិញ ៕
ប្រភព៖ NiceTV អត្ថបទៈ ទុយ ម៉ែន និងរូបភាពៈ សំរឹទ្ធ ទីរ៉ា