សង្គ្រាមពាក្យសម្តីរវាងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ហាក់កំពុងបន្ត នៅក្នុងពេលថ្មីៗនេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង លោកថាក់ស៊ីន បាននិយាយថា លោកនឹងវិលត្រលប់ទៅកាន់ប្រទេសថៃវិញមិនខាន នៅពេលទទួលបានការឌឺដងពីសំណាក់ លោក ប្រាយុទ្ធ ។
ក្នុងអំឡុងកម្មវិធីជជែកកម្សាន្ត ClubHouse ក្រោមឈ្មោះហៅក្រៅថា Tony Woodsome លោក ថាក់ស៊ីន បាននិយាយថា លោកនឹងវិលត្រលប់ទៅកាន់ប្រទេសថៃវិញមិនខាន ស្របពេលលោក ក៏បានធ្វើការសើចចំអក ទៅកាន់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ផងដែរ ដោយនិយាយថា គាត់ហាក់ដូចជាបានគិតអំពីរូបលោក គ្រប់ពេលវេលា ។
មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងរត់គេចខ្លួនរូបនេះ បាននិយាយទៀតថា ៖ “ប្រសិនបើលោក ប្រាយុទ្ធ សួរខ្ញុំថានៅទីណា នោះខ្ញុំនឹងនិយាយប្រាប់គាត់ថា ខ្ញុំតែងតែនៅក្នុងចិត្តរបស់គាត់ជានិច្ច ” ។
គួរឱ្យដឹងផងដែរថា ការបោះសម្តីបែបឌឺដងនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ប្រយុទ្ធ បាននិយាយជំទាស់ នឹងគណបក្សភឿថៃ ដោយបានបបួលអតីតនាយករដ្ឋមន្ត្រី ២ រូប ដែលត្រូវបាននិរទេសខ្លួន ពោលគឺលោក ថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ឱ្យវិលត្រលប់មកកាន់ប្រទេសថៃវិញ ដើម្បីប្រកួតប្រជែងគ្នាលើឆាកនយោបាយ ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រទេស ។
យ៉ាងណា នៅពេលត្រូវបានគេសួរអំពីការលើកឡើងរបស់លោកថាក់ ស៊ីន ឧត្តមសេនីយ៍ លោក ប្រាយុទ្ធ បានចង្អុលទៅកាន់បបូរមាត់របស់លោក ហើយនិយាយថា ៖ ” ការនិយាយស្តី គឺជាតួនាទីរបស់មាត់។ ហើយមនុស្សអាចនិយាយអ្វីក៏បាន បើគេចង់ ” ។
គួរបញ្ជាក់ផងដែរថា លោកថាក់ស៊ីន បានរត់ភៀសខ្លួនចេញពីប្រទេស នៅក្នុងឆ្នាំ ២០០៨ មុនពេលត្រូវបានកាត់ទោសដោយតុលាការកំពូល ពីបទរំលោភសិទ្ធិអំណាច ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដី ស្របពេល លោកស្រី យីងឡាក់ បានរត់ភៀសខ្លួន នៅក្នុងឆ្នាំ ២០១៧ មុនពេលតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគាររយ:ពេល ៥ ឆ្នាំ ពីបទមិនអើពើ ចំពោះអំពើពុករលួយ ក្នុងគម្រោងសន្យាទិញស្រូវអង្ករជាលើកដំបូងរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលលោកស្រីកាន់អំណាច ៕