ឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៩៨គម្រោង ដែលមានទុនវិនិយោគសរុបជាង ២ ៩៩៨ លានដុល្លារ បង្កើតការងារបានចំនួន ៧២ ៣២៩កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួនគម្រោងវិនិយោគកើនឡើងចំនួន ១១គម្រោង ខណៈទុនវិនិយោគកើនឡើងចំនួន២៩លានដុល្លារ។
ទោះជាការវិនិយោគមានការកើនឡើងក្តី លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ឃើញថា «ការវិនិយោគចាប់ផ្ដើមងើបហើយ ប៉ុន្តែទម្រាំទៅដល់តួលេខ ដូចពេលអត់កូវីដ១៩ ត្រូវរង់ចាំរយពេលបនិ្ដច ប៉ុន្ដែមានក្ដីសង្ឃឹម និងមានសញ្ញាល្អច្រើន»។
តែយ៉ាងណា លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ចំពោះវិបត្ដិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មិនមែនតែកម្ពុជានោះទេ គ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែមានក្ដីកង្វល់ ហើយក្ដីកង្វល់នោះ គឺការឡើងថ្លៃប្រេង ធ្វើឲ្យឡើងថ្លៃថាមពល, ឡើងថ្លៃដឹកជញ្ជូន និងឡើងថ្លៃស្បៀងជាដើម។ លោកសង្ឃឹមថា វិបត្តិនេះនឹងមានការដោះស្រាយ ហើយបើប្រសិនជាមានការធូរស្រាល ពីវិបត្តិពីផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអ្នកវិនិយោគ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្តេជ្ញានឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា៕
ឆមាសទី១ រដ្ឋអនុម័តគម្រោងថ្មីមានតម្លៃជាង ២ ៩៩៨ លានដុល្លារអាមេរិក
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព