មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមហាសេដ្ឋីកម្ពុជា ៣រូបត្រូវបានអង្គសន្និបាតបោះឆ្នោតឱ្យក្លាយជាថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៧ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន។
ថ្នាក់ដឹកនាំ និងមហាសេដ្ឋី ៣រូបនោះរួមមាន៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប់ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានជ្រើសរើសជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៧។
ការសម្រេចបោះឆ្នោតនេះបានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាហែលទឹក បានរៀបចំមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ, តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកគ្រូបង្វឹក និងកីឡាករកីឡាការិនី។
មហាសន្និបាតនាពេលនេះ គឺជារបត់ថ្មីមួយដែលគោរពតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីភាពរឹងមាំខាងផ្នែករដ្ឋបាលកីឡា និងបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការប្រកួតកីឡាជាអន្តរជាតិនានាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕