ជិត ៣០ ឆ្នាំ​មុន បុរស​ខ្មែរ ៣ នាក់ ផ្តួចផ្តើម​បង្កើត​ថ្នាំពណ៌​​ជាតិ​ ​ប្រជែង​ថ្នាំ​ពណ៌នាំ​ចូលពីក្រៅប្រទេស

អាជីវកម្ម

ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ ឬដែលគេស្គាល់​ជា​ទូទៅ​ក្រុមហ៊ុន (ខាំ-ផែន) ជាកុ្រមហ៊ុនផលិត​ថ្នាំលាប​ក្នុងស្រុក​ឈានមុខគេ ដែល​ទទួល​បាន​វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធ​គ្រប់គ្រងគុណភាព ISO 9001:2015 ដំបូង​គេ​នៅប្រទេសកម្ពុជា។ ដោយ​ចាប់ផ្តើម​អាជីវកម្មជាមួយ​ទស្សនៈវិស័យ “ ក្លាយ​ជា​ក្រុមហ៊ុន​ផលិតថ្នាំលាបក្នុងស្រុកមួយដែល​គួរឱ្យជឿទុកចិត្ត ដោយ​ផលិតនូវផលិតផល ដែល​ធានា​លើ​គុណភាព និង​មានសេវាកម្ម​ឈានមុខគេ ”

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ខាំផែន ផ្តួចផ្តើម​បង្កើត​ឡើង​ដោយជនជាតិខ្មែរបីរូបគឺ៖​​ (១). លោក សំ ពូក (២). លោក សោម សម្បត្តិ និង (៣). លោក អ៊ីវ គឹមសួ។

អំពីរោងចក្រ ខំា-ផែន (ថ្នាំពណ៌ជាតិ)

ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) បានចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ ២០០៤ ទន្ទឹម​នឹងការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើវិស័យ​ស្ថាបត្យកម្ម​សំណង់​នៅទូទាំងប្រទេស ​ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​បង្កើនការ​ផលិត​ផលិតផល​ក្នុងស្រុក។​

លោក សោម សម្បត្តិ ស្ថាបនិកមួយ​រូបរបស់ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំ-ផែន

ក្រោម​កិច្ចដឹកនាំ​ប្រកប​ដោយទេពកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ពីថ្នាក់​ដឹកនាំ ជាមួយ​នឹងឆន្ទៈតស៊ូ ព្យាយាមដ៏មោះមុតពី​សំណាក់​ថ្នាក់ដឹកនាំ និងបុគ្គលិក​គ្រប់លំដាប់ថ្នាក់ ខាំ-ផែន បាន​ប្រែក្លាយ​ពីក្រុមហ៊ុន​តូច​មួយ​ឈានមក​ជាក្រុមហ៊ុនធំមួយ ដែល​មានឈ្មោះ​បោះសំឡេង​លើទីផ្សារ​មានការទទួលស្គាល់ និង​ជឿជាក់​ពី​សំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស លើ​គុណភាព​ផលិតផល សេវាកម្ម និង​កេរ្តិ៍ឈ្មោះ​លើភាព​ជាអ្នកដឹកនាំ​របស់ស្ថាបនិក​ក្រុមហ៊ុន។

លើសពីនេះទៅទៀត ខាំ-ផែន ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានផលិតផលអាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​លំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុរាប់រយឆ្នាំបាន។

ការ​ទទួលស្គាល់​ជា​អន្តរជាតិ

នៅក្នុងឆ្នាំ ២០១៧ ក្រោម​កិច្ចសហការ​រវាង​អង្គការផលិតភាព​អាស៊ី (APO) ជាមួយ​មជ្ឈមណ្ឌល​ផលិតភាពជាតិ (NPCC) របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ក្រុមហ៊ុន ខាំ-ផែន បាន​ទទួល​វិញ្ញាបនបត្រ​លើប្រព័ន្ធគ្រប់គ្រង​​គុណភាព ISO 9001:2015។

នៅចុងឆ្នាំ២០១៨ ខាំ-ផែន បានទទួលវិញ្ញាបនបត្រពានរង្វាន់ស៥ ពីក្រសួងឧស្សាហកម្ម និង​សិប្បកម្មកម្ពុជា។ នៅចុងឆ្នាំ២០១៩ ត្រូវបាន​ជ្រើសរើស​ជាក្រុមហ៊ុន​គំរូ​ដើម្បីអនុវត្តប្រព័ន្ធផលិតកម្មលីន (LEAN Manufacturing)។

អំពីផលិតផល​

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើន​នៃ​វត្ថុធាតុ​ដើម ​ត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍​ផលិតផលថ្មីនីមួយៗ ត្រូវស្ថិតក្រោមការស្រាវជ្រាវ និង​ការពិសោធន៍​យ៉ាងច្បាស់លាស់​របស់​ផ្នែកស្រាវជ្រាវ និង​អភិវឌ្ឍ ចាប់​ពីរយៈពេល ០៦-១២ ខែ។

មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែល​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា ៤ប្រភេទ ធំៗ​ដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក

២. ថ្នាំលាបលម្អប្រភេទលាយប្រេង

៣. ផលិតផលជាពពួកបាយអស្ងួត

៤. ផលិតផលគីមីសំណង់