កាលពីថ្ងៃសុក្រកន្លងទៅ តំណាងប្រទេសរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិបានបង្ហាញវត្តមានក្នុងការចុះកិច្ចព្រមព្រៀងឲ្យរុស្ស៊ីនាំចេញផលិតផលកសិកម្មទៅលើទីផ្សារអន្តរជាតិតាមសមុទ្រខ្មៅឡើងវិញ ដោយគ្មានការវាយប្រហារ។
យ៉ាងណា ទើបនឹងចុះកិច្ចព្រមព្រៀងបានមួយថ្ងៃ ស្រាប់តែប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អះអាងថា ថ្ងៃបន្ទាប់កងយោធារុស្ស៊ីបានបើកការវាយប្រហារមកលើពួកគេ ដោយបានបាញ់មីស៊ីលចំនួន ២ គ្រាប់មកកាន់តំបន់ Odesa។
ទង្វើមួយនេះប្រៀបដូចជាការមិនគោរពលើការចុះកិច្ចព្រមព្រៀង ប៉ុន្តែបើយោងតាមការបញ្ជាក់ពី មន្ត្រីអ៊ុយក្រែន គ្រាប់មីស៊ីលទាំងនោះគឺមិនបានប៉ះពាល់ដល់ជង្រុកផលិតផលកសិកម្ម ដែលបង្កជាការខាតបង់ធ្ងន់ធ្ងរឡើយ។ នេះបើតាមការចុះផ្សាយពី Nasdaq។
សូមជម្រាបដែរថា ការចុះកិច្ចព្រមព្រៀងខាងលើនេះ នឹងអាចជួយដល់វិបត្តិកង្វះចំណីអាហារដែលកំពុងកើតមាន ខណៈតម្លៃអាហារក៏ហក់ខ្ពស់ដូចគ្នា ដ្បិតបើការនាំចេញរបស់អ៊ុយក្រែនអាចឈានដល់ស្ថិតិមុនសង្គ្រាម ៥ លានតោន/ខែ នោះតម្លៃទំនិញនឹងមានការថយចុះប្រសើរឡើងវិញ៕