លឺ​ល្ហៀងៗ​ថា Elon Musk ជា​ដើមចម​នៃ​ការ​បែកបាក់​រវាង​ប្ដីប្រពន្ធ​សហ​ស្ថាបនិក​ Google

អន្តរជាតិ

ចំណង​មិត្តភាព​យូរអង្វែង​រវាង Elon Musk និង Sergey Brin ​ប្រហែល​ជា​ដល់​ពេល​ត្រូវ​ប្រេះស្រាំ បន្ទាប់​ពី​បែកធ្លាយ​ដំណឹង​ថា ស្ថាបនិក SpaceX គឺ​ធ្លាប់​លួច​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ប្រពន្ធ Sergey កាលពី​ឆ្នាំ​ទៅ រហូត​ធ្វើ​ឲ្យ​គូស្នេហ៍​សហ​ស្ថាបនិក Google ឈាន​ដល់​ផ្លូវ​បំបែក។ នេះ​បើតាម​​ការ​ចុះផ្សាយ​ពី Street Journal។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ Forbes ក៏​បាន​រាយការណ៍​ដែរ​ថា ​ទំនាក់ទំនង​លួចលាក់​រវាង Musk និង​អតីត​ភរិយា Sergey គឺ Nicole Shanahan បាន​កើតមាន​ឡើង​កាលពី​ខែធ្នូ នៅ​ទីក្រុង Miami ខណៈ​គ្រានោះ​មាន​សេចក្ដី​រាយការណ៍​ថា Elon Musk បាន​បែកបាក់​ជាមួយ​គូសង្សារ Grimes ដាច់ស្រេច​ហើយ។

ដោយឡែក សារព័ត៌មាន Journal ក៏​បាន​បង្ហើប​ទៀត​ថា Elon Musk បាន​លត់ជង្គង់​សុំ​ការ​លើកលែង​ពី Sergey តែ​ទោះ​ជា​យ៉ាងណា កែវ​ដែល​ធ្លាក់បែក​ហើយ​គឺ​មិន​អាច​វិល​មក​រក​សភាព​ដើម​បាន​ទេ ពោល Sergey បាន​ប្រាប់​ឲ្យ​មនុស្សជំនិត​របស់​លោក​លក់​ភាគហ៊ុន​ផ្ទាល់ខ្លួន​ទាំងអស់​ដែល​មាន​នៅ​ក្រុមហ៊ុន Elon Musk។

គួសរំលឹក​ដែរ​ថា Sergey បាន​ដាក់ពាក្យ​ប្ដឹង​លែង​ប្រពន្ធ នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ ក្រោយ​ទទួល​បាន​ដំណឹង​ពី​ការ​ផិតក្បត់​មួយ​នេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Journal៕