សិប្បកម្មកែច្នៃ ផ្អកប្រហុកមួយ​កន្លែង​គិត​សុវត្ថិភាព​ជា​ចម្បង បង្កើត​ឡើង​ដោយ​ដើមទុន ១០០ ដុល្លារ

អាជីវកម្ម

សិប្បកម្មសំណាងសុធា គឺជាសិប្បកម្មមួយដែលកែច្នៃត្រីគ្រប់ប្រភេទធ្វើជា ផ្អក ប្រហុក មាំ ត្រីងៀត ពងត្រីដោយ​គ្មានផ្ទុកសារធាតុគីមី ប្រកបដោយអនាម័យ ស្តង់ដា ទំនុកចិត្ត មានទីតាំង​ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀ
មរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក យន់ សំណាង ម្ចាស់សិប្បកម្មសំណាងសុធា ទទួលកញ្ចប់វិនិយោគUNIDOកាលពីថ្ងៃទី០៥កក្កដា ២០២២

លោក យន់ សំណាង ជាម្ចាស់សិប្បកម្មសំណាងសុធា បានប្រាប់ឧកញ៉ាញូស៍ឲ្យដឹងថា លោកប្រកបមុខរបរនេះ​​ជាង ១៩ ឆ្នាំមកហើយតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដោយចំណាយទុនត្រឹមតែ ១០០ ដុល្លារ (៤០ម៉ឺនរៀល) តែ​ប៉ុណ្ណោះ។

លោក យន់ សំណាង បាន​រំលឹកការ​បង្កើតឡើងដំបូង​ មិនទាន់់មានជាសិប្បកម្មអី​នោះទេ លុះចំណូលចេះតែកើនក៏ពង្រីក​កាន់តែធំរហូតក្លាយ​ជាសិប្បកម្មដល់សព្វថ្ងៃ។

សិប្បកម្ម​របស់លោក យន់ សំណាងប្រើប្រាស់​​​វត្ថុធាតុកែច្នៃដោយខ្លួនឯងផ្ទាល់ ដែលរួមមានផ្អក ប្រហុក ត្រីផាត់ ត្រី​ងៀត​គ្រប់ប្រភេទ មាំ និងពងត្រីជាដើម។ ក្នុងមួយថ្ងៃអាចកែច្នៃបា​ន​ចាប់ពី ៨០ទៅ ១០០ គីឡូក្រាម ​(ផលិតផលសម្រេច​) ដែលទទួលបានចំណូល ២ លាន ទៅ ២ លាន ៥០ ម៉ឺន រៀលក្នុងមួយថ្ងៃ បើគិតជាការចំណេញខ្ទង់ ៣០ ទៅ ៤០ ម៉ឺនរៀល (ជាមធ្យម)។

ម្ចាស់សិប្បកម្មរូបនេះបានបន្តថា ចំណុចពិសេសដែលធ្វើឲ្យអតិថិជនចូលចិត្ត និងមានការគាំទ្រខ្លាំងគឺទី ១ ទីតាំង​​កែច្នៃមានគោលការណ៍ ទាក់ទងផលិតផលមានអនាម័យ គុណភាពដល់អតិថិជន។ ទី២ មានទំនួល​ខុស​ត្រូវ​លើផលិតផល កាលណាមានទំនុកចិត្តគ្នានោះកាន់តែមានភ្ញៀវគាំទ្រ។ ទី៣ រសជាតិគឺភ្ញៀវអាច​ទទួល​យកបាន​ច្រើន អ្វីដែល​ពិសេសអតិថិជនអាច​កម្មង់រសជាតិ​តាមអ្វីដែល​អតិថិជន​ចង់បាន។

ម្ចាស់​សិប្បកម្ម​រូប​នេះបានលើក​ហេតុផល ដែលជំរុញឲ្យមានការបង្កើតសិប្បកម្មមួយនេះឡើង ទី១ តម្រូវការភ្ញៀវកាន់តែ​ច្រើន​ដោយពីមុនលក់ត្រឹមតែត្រីស្រស់ ប៉ុន្តែដោយសារ​លក់មិនសូវដាច់ ក៏មានគំនិតកែច្នៃទៅជា ប្រហុក
មាំ ផ្អករហូតដល់ឥឡូវ។ ទី២ ដោយមើលឃើញសក្កានុពល​តម្រូវការ​ច្រើន ក៏បង្កើតកាន់តែធំ។ ទី៣ ទាក់ទង​ចំណីអាហារ គុណភាព ដោយមានការមើលឃើញផលិតផលខ្លះអតិថិជនពិបាកទទួលយកបានទី១ អនាម័យ ទី២ ប្រើសារធាតុ​ផ្សេងៗ ដោយសារបែបនេះទើបសិប្បកម្មសំណាងសុធាសម្រេច​បើក​សិប្បកម្ម ដោយ​តាំងចិត្តឲ្យមាន​អនាម័យ និង​សុវត្ថិភាព​ដល់ភ្ញៀវ ពោលគឺគិតសុខភាពភ្ញៀវជា​ចម្បង បានបង្កើតមក​ដល់​បច្ចុប្បន្ន។

រូបភាពការសម្ងួតត្រីក្នុងសិប្បកម្មសំណាងសុធា

ម្ចាស់សិប្បកម្មវ័យ ៤០ ឆ្នាំរូបនេះបានបន្ថែមថា កន្លងទៅខាងសិប្បកម្មសំណាងសុធា ក៏ធ្លាប់ទទួលបាន​កញ្ចប់​​វិនិយោគ​យូនីឌូ (UNIDO) កាលពីថ្ងៃទី០៥កក្កដានេះ ដោយសារខាងសិប្បកម្មលោកមានបទពិសោធន៍ច្រើនមានការ​យល់ដឹងច្រើន មានឆន្ទៈឆ្ពោះទៅរកស្តង់ដា សុវត្ថិភាពក្នុងស្រុកខ្មែរ។ ហើយខាង UNIDO ក៏មានការ​ជួយ​ជំរុញ ផ្តល់​ចំណេះដឹង ការបង្រៀនទាក់ទងអនាម័យ ស្តង់ដា និងផ្តល់សម្ភារៈផ្សេងៗទៀត។

ចំពោះ​បញ្ហាប្រឈមលោកលើកឡើងថា គឺការកែច្នៃមិនមានការចោទជាបញ្ហាទេ ប៉ុន្តែទីផ្សារាងចង្អៀតបន្តិច អតិថិជនមានការរិតត្បិតតម្លៃ ដោយសារអតិថិជនមិនទាន់យល់ដឹងច្បាស់ពីអនាម័យ សុវត្ថិភាព ដូច្នេះតម្លៃក៏រាងថ្លៃ​ទៅ​តាម​ផលិតផល ទាំងហ្នឹងជាផលលំបាកដែលយើងត្រូវគិតដែរ។

ប៉ុន្តែសិប្បកម្មសំណាងសុធា ខិតខំរកវត្ថុធាតុដើមណារៀងធូរថ្លៃ ដើម្បីការច្នៃសមស្របទៅនឹងទីផ្សាផងដែរ។ ទោះបីជា​យ៉ាងណា លោកក៏សំណូមពរឲ្យអតិថិជនទាំងអស់ យល់ដឹងពីសុវត្ថិភាពចំណីអាហារណា​ដែល​អាច​ទទួលទាន
ទៅ​មាន​សុវត្ថិភាព ដើម្បីចៀសវាង​យក​ជំងឺមកដាក់​ក្នុងក្រុមគ្រួសារ ឲ្យមានការយល់ដឹងបានច្រើនទាក់ទងសុវត្ថិភាព​​ចំណី​អាហារ៕

ការរៀបចំប្រកបដោយអនាម័យ