កម្ពុជា ទាក់ទាញការវិនិយោគពីប្រទេសចិន ក្នុងទំហំទឹកប្រាក់ជិត ១,៣០ ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទំហំទឹកប្រាក់ ១,២៩ ពាន់លានដុល្លារ ពីប្រទេសចិន សម្រាប់ឆមាសទី ១ ឆ្នាំ ២០២២ ។ នេះបើយោងតាមរបាយការណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពីប្រភពដដែលនេះ បានបង្ហាញទៀតថា ប្រទេសចិន នៅតែជាវិនិយោគិនបរទេសធំជាងគេ សម្រាប់កម្ពុជា ដែលមាន ៤៣% នៃការវិនិយោគសរុបចំនួន ២,៩៩ ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំនេះ ។

ដោយឡែកសម្រាប់វិនិយោគិនបរទេសផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២២ នេះ គឺមកពីប្រទេសថៃ , កោះសាម័រ (Samoa) , ប្រជុំកោះ British Virgin , កូរ៉េខាងត្បូង , សិង្ហបុរី , ប្រជុំកោះ Cayman , ម៉ាឡេស៊ី , ជប៉ុន និងអូស្ត្រាលី ។

គួរឱ្យដឹងថាគម្រោងវិនិយោគរបស់វិនិយោគិនបរទេសទាំងនោះមកលើប្រទេសកម្ពុជា គឺផ្តោតទៅលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម , ផលិតកម្ម , ទេសចរណ៍ និងហេដ្ឋរចនាសម្ព័ន្ធ ។

បើតាមឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកក្តាដ៏ចម្បង ដែលបានលើកទឹកចិត្ត សម្រាប់អ្នកវិនិយោគចិន កាន់តែច្រើនមកកម្ពុជា ។

បន្ថែមពីលើនោះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ផងដែរថា មិត្តភាពដ៏រឹងមាំ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក៏ជាកក្តាដ៏ធំមួយ ដែលបានទាក់ទាញវិនិយោគិនចិន កាន់តែច្រើន មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ជាងនេះទៅទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះបញ្ជីកំណើនពាណិជ្ជកម្មចំនួន ១៩,៧% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដល់ ៥,៩៨ ពាន់លានដុល្លារ ក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ ។

លោក ប៉ែន សុវិជ្ជា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយលោកបានព្យាករថាកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងកើនឡើងខ្ពស់ នៅក្នុងរយ:ពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ ៕