កាលពីពេលកន្លងទៅ សហភាពអឺរ៉ុប ហៅកាត់ EU បានជួបជជែកពិភាក្សាអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ហើយបញ្ហាចំបងដែលពួកគេជួបគឺ ការនាំចេញប្រេងពីមហាអំណាចមួយនេះ។
យ៉ាងណា ថ្មីៗនេះក្រុមប្រឹក្សា EU បានបង្ហើបឲ្យដឹងថា EU នឹងអនុញ្ញាតឲ្យមានការជួញដូរប្រេងនៃក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិរុស្ស៊ីទៅកាន់ប្រទេសទី ៣ ក្នុងលក្ខខណ្ឌចាំបាច់។
នេះក៏មានន័យថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីដូចជា Rosneft, Gazprom Neft និង Sovcomflot គឺអាចមានសិទ្ធធ្វើពាណិជ្ជកម្មជាមួយប្រទេសសមាជិកអឺរ៉ុប សម្រាប់ការនាំចេញប្រេង។ នេះបើតាមការចុះផ្សាយពី Economictimes។
សូមជម្រាបដែរថា កាលពីខែមីនាកន្លងទៅ EU បានលើកសំណើក្នុងការហាមឃាត់ការនាំចេញប្រេងរបស់ក្រុមហ៊ុនរុស្ស៊ីធំៗ ទៅកាន់សហភាពអឺរ៉ុប និងមិនអនុញ្ញាតឲ្យមានការធ្វើជំនួញប្រេងរវាងសមាជិកអឺរ៉ុប និងរុស្ស៊ីឡើយ។
ប៉ុន្តែ សំណើខាងលើគឺមិនទទួលបានប្រសិទ្ធភាពឡើយ ពោល EU មិនអាចធ្វើអ្វីបាន នៅពេលដែលរុស្ស៊ីជាប្រទេសនាំចេញប្រេង ហ្គាស និងវត្ថុធាតុដើមមួយចំនួនធំបំផុតលើលោក ដូច្នេះបើអនុម័តទណ្ឌកម្មសេដ្ឋកិច្ចខាងលើ អ្នកដែលខាតបង់គឺមានតែប្រទេសធ្លាប់ជាដៃគូពាណិជ្ជកម្មតែប៉ុណ្ណោះ៕