លោក Matthew Baldwin អគ្គនាយកនៃនាយកដ្ឋានថាមពលរបស់គណ:កម្មការអឺរ៉ុប បាននិយាយកាលពីចុងសប្តាហ៍មុនថា សហភាពអឺរ៉ុប កំពុងស្វែងរកការផ្គត់ផ្គង់ឧស្ម័នបន្ថែមពីប្រទេសនីហ្សេរីយ៉ា ខណ:ពេលដែលប្លុកមួយនេះ កំពុងរៀបចំធ្វើការកាត់បន្ថយការផ្គត់ផ្គង់ទ្រង់ទ្រាយធំ ពីប្រទេសរុស្ស៊ី ។
លោក Baldwin កំពុងលើកឡើងអំពីលទ្ធភាពទាំងនេះ នៅពេលដែលគាត់បានជួបជាមួយមន្ត្រីមកពីនីហ្សេរីយ៉ា ដែលជាប្រទេសផលិតប្រេង និងឧស្ម័នធំបំផុតរបស់ទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
វាត្រូវបានគេដឹងថា ប្រទេសនីហ្សេរីយ៉ាបច្ចុប្បន្ន កំពុងធ្វើការកែលម្អសន្តិសុខ នៅតំបន់ដីសណ្តរបស់ខ្លួន ហើយគ្រោងនឹងបើកបំពង់បង្ហូរឧស្ម័ន Trans Niger ឡើងវិញ បន្ទាប់ពីខែសីហា ដែលនឹងអាចធានាបាននូវការផ្តល់ទិន្នផលឧស្ម័នកាន់តែច្រើន ទៅកាន់អឺរ៉ុប ។
មិនតែប៉ុណ្ណោះ លោក Baldwin បានប្រាប់ទៅកាន់សារព័ត៌មាន Reuters តាមរយ:ទូរស័ព្ទថា សហភាពអឺរ៉ុប បាននាំចូល ១៤% នៃការផ្គត់ផ្គង់ឧស្ម័ន LNG សរុបរបស់ខ្លួន ពីប្រទេសនីហ្សេរីយ៉ា ហើយរំពឹងថាចំនួននេះ អាចនឹងកើនឡើងទ្វេរដង ។
គួរឱ្យដឹងថា កាលពីឆ្នាំមុន នីហ្សេរីយ៉ា បាននាំចេញឧស្ម័ន ២៣ ពាន់លានម៉ែត្រគូប ទៅកាន់សហភាពអឺរ៉ុប ប៉ុន្តែតួលេខនេះ បានធ្លាក់ចុះក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ នៅពេលដែលលោក Baldwin បាននិយាយថា នៅក្នុងឆ្នាំ ២០១៨ EU បានទិញយកឧស្ម័ន LNG ប្រមាណ ៣៦ ពាន់លានម៉ែត្រគូប ពីប្រទេសនីហ្សេរីយ៉ា ៕