ចិន​នឹង​បញ្ចេញ​ថវិកា​ជាង ៤០ ពាន់​លាន​ដុល្លារ ជួយ​ទ្រទ្រង់​ដង្ហើម​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក

អន្តរជាតិ

វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​យ៉ាប់យ៉ឺន​មួយ ដោយសារ​វិបត្តិសេដ្ឋកិច្ច​ទាំង​សកល និង​ក្នុងស្រុក បណ្ដាល​ឲ្យ​ក្រុម​អតិថិជន និង​វិនិយោគិន​លើ​វិស័យ​មួយ​នេះ​ជួប​ប្រទះ​កង្វះ​ខាត​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា នឹង​បញ្ចេញ​នូវ​កញ្ចប់​ថវិកា​ប្រមាណ ៣០០ ពាន់​លាន​យ័ន ឬ​ ៤៤ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ស្ដារ​ដង្ហើម​នៃ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​រណ្ដៅ។ នេះ​បើ​តាម​លិខិត​ចេញ​ដោយ​ផ្ទាល់​ពី​ធនាគារ​រដ្ឋ។

ដោយឡែក បើ​យោង​តាម​ការ​ចុះផ្សាយ​ពី CNA បាន​ឲ្យ​ដឹង​ថា កញ្ចប់​ជំនួយ​មួយ​នេះ​នឹង​ក្លាយ​ជា​ការ​ចាប់ផ្ដើម​ស្រោចស្រង់​ដង្ហើម​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​មហាអំណាច​ជា​លើក​ដំបូង តាំងពី​បំណុល​នៃ​វិស័យ​អចលនទ្រព្យ​បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំទៅ។

កញ្ចប់​ជំនួយ​នេះ​គឺ​បាន​ទឹកប្រាក់​ពី​ធនាគារ People’s Bank of China (PBOC) ប្រមាណ ៨០ ពាន់​លាន​យ័ន ស្របពេល​ធនាគារ​រដ្ឋ China Construction Bank នឹង​ចូលរួម ៥០ ពាន់​លាន​យ័ន​បន្ថែម ប៉ុន្តែ​ទឹកប្រាក់​នេះ​នឹង​ចេញ​ពី​ធនាគារ PBOC សិន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​បី Reuters។

បើសិន​ជា​វា​អាច​ដើរ​តាម​ផែនការ​បាន​ ធនាគារ​ផ្សេងៗ​នឹង​ដើរ​តាម​គន្លង​នេះ​ដូចគ្នា ជាមួយ​នឹង​គោលដៅ​ទឹកប្រាក់​ចន្លោះពី ២០០ ទៅ ៣០០ ពាន់​លាន​យ័ន៕