មន្រ្តីកម្ពុជាទៅទីម័រ ដើម្បីវាយតម្លៃនូវវឌ្ឍនភាពក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាក្នុងនាមប្រធានឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូ ទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេសកកម្មនេះ ដើម្បីវាយតម្លៃនូវវឌ្ឍនភាពរបស់ទីម័រខាងកើតក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយពិនិត្យមើលគោលនយោបាយជាតិ បទប្បញ្ញត្តិ និងគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យមានអនុលោមភាពស្របតាមគោលការណ៍អាស៊ាន។

ជាមួយគ្នានេះ កម្ពុជា និងភាគីទីម័រ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេសឱកាស បញ្ហាប្រឈម សក្តានុពល ក៏ដូចជាចំណុចខ្វះខាតនានារបស់ទីម័រខាងកើតដើម្បីអាចឱ្យអាស៊ានជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។

ប្រទេសទីម័រខាងកើត បានប្តេជ្ញាបន្តផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីក្នុងការស្នើសុំចូលជាសមាជិកអាស៊ាន។

ក្នុងដំណើរទស្សនកិច្ចនេះ លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ក៏បានដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិសម្រាប់ការងារនិងការបណ្តុះបណ្តាលជំនាញ កំពង់ផែឌីលី និងកំពង់ផែ Tibar Bay ដើម្បីពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាសក្តានុពលនៃការដឹកជញ្ជូនទំនិញរបស់ទីម័រខាងកើត ផងដែរ។

ក្នុងអំឡុងបេសកកម្មនេះដែរ កម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយទីប្រឹក្សាធនាគារ ADB និងលោកស្រី Maika Oshikawa ប្រធាននាយកដ្ឋានពិនិត្យនិងវាយតម្លៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ បន្ថែមទៀត៕