លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ព្រមលោកជំទាវ លី ហ្គេកឆេង និងក្រុមគ្រួសារ ថ្មីៗនេះ បានចំណាយថវិកាជាង ៦ពាន់ដុល្លារ ជួយសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ក្នុងឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
“ខ្ញុំធ្លាប់មានអនុស្សាវរីយ៍ច្រើននៅសាលាបឋមសិក្សាភ្នំធំថ្មីនេះ ជាពិសេស ខ្ញុំចង់សម្ដែងនូវការដឹងគុណដល់គ្រឹះស្ថានសិក្សាដំបូង ដែលបានបង្រៀន និងបណ្ដុះចំណេះដឹងកាលគ្រាជាកុមារភាពរបស់ខ្ញុំ តាមរយៈលោកគ្រូអ្នកគ្រូបឋមខ្ញុំ”។ នេះជាការបញ្ជាក់ឱ្យដឹងពី លោកឧកញ៉ា ហេង បូរិន ។
លោកឧកញ៉ា ហេង បូរិន បានបញ្ជាក់ឱ្យដឹងថា សាលាបឋមសិក្សាភ្នំធំថ្មីនេះ គឺជាសាលាបឋម ដែលលោកធ្លាប់បានចំណាយពេលវេលា ៦ឆ្នាំ កាលពីកុមារភាព រៀនសូត្រ ទទួលបានចំណេះដឹងដំបូងបំផុត តាមរយៈលោកគ្រូអ្នកគ្រូបឋម តាំងពីក្នុងអំឡុងឆ្នាំ១៩៩០មកម៉្លេះ។
ការចំណាយថវិកាកសាងខ្លោងទ្វារសាលាថ្មីជូនសាលាបឋមភ្នំធំថ្មី នូវទឹកប្រាក់ផ្ទាល់ខ្លួនជាង ៦ពាន់ដុល្លារ តាមរយៈគណៈកម្មការសាលាដោយផ្ទាល់នេះ ក៏ជាការរូមចំណែកមួយ ជួយលើកកម្ពស់សោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធសាលារៀននោះ ព្រោះពីមុនមកខ្លោងទ្វារនោះ មានសភាពទ្រុឌទ្រោមណាស់ទៅហើយ។
ជាទស្សនៈផ្ទាល់ខ្លួន លោកឧកញ៉ា ហេង បូរិន បានលើកឡើងថា សម្រាប់បងប្អូន ឬលោកឧកញ៉ា អ្នកឧកញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀត ដែលបងប្អូនមានលទ្ធភាពជាក់ស្ដែង គួរតែងាកជួយតាមលទ្ធភាពដល់បញ្ហាខ្វះខាតផ្សេងៗនៅមូលដ្ឋាន ឬស្រុកភូមិកំណើតបានដូចគ្នា ដើម្បីជាការរួមចំណែកកសាងសង្គមជាមួយរាជរដ្ឋាភិបាលយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕