ម្ចាស់អាជីវកម្មនំអន្សមល្បីមានរសជាតិឆ្ងាញ់ប្រចាំខេត្តស្ទឹងត្រែង លោកស្រី ង៉ែត សុភា វេចនំអន្សមក្នុងមួយថ្ងៃបានពី ៣៧០ ទៅ ៣៨០ នំ និងចំណូលបានជាង ៥ លានរៀលក្នុងមួយថ្ងៃ។
លោកស្រី ង៉ែត សុភា ម្ចាស់អាជីវកម្មនំអន្សមខ្មែរ ប្រកបមុខរបរមួយនេះអស់រយៈជិត១០ឆ្នាំ មកហើយ ព្រមទាំងលក់ចេញជូនអតថិជនទូទាំង២៥ខេត្តក្រុង និងអាចលក់ចេញទៅដល់ ប្រទេសជិតខាងថែមទៀតផង។
បើតាមសម្តីលោកស្រី ពិន អាណុង អាយុ៣២ឆ្នាំ ត្រូវជាក្មួយម្ចាស់អាជីវកម្មមួយនេះបានឲ្យ ឧកញ៉ា ញូស៍ ដឹងថា នំអន្សមដែលលោកស្រី ង៉ែត សុភា វេចក្នុងមួយថ្ងៃបានជាង ៣០០នំនោះគឺលក់អស់គ្មានសល់នោះទេ ដោយពេលខ្លះលក់ជូនអតិថិជនមិនគ្រប់ផងក៏មាន។
លើសពីនោះ នំអន្សមខ្នាតធំនេះមាន ២ ប្រភេទក្នុងនោះប្រភេទទី១វេចដោយអង្ករដំណើបលាយស្លឹកតើយ និងប្រភេទទី២វេចដោយអង្ករដំណើបធម្មតា។ ដោយឡែកទំហំនៃនំមានបីជម្រើស នំខ្នាតតូចជាងគេគឺមានទម្ងន់ជិត ១ គីឡូក្រាមដែលមានលាយស្នូលពងទាប្រៃចំនួន ៣ គ្រាប់ព្រមទាំងជានំដែលលក់ដាច់ជាងគេ និងបោះដុំជូនអតិថិជន ១០នំ ១៥០០០០រៀល។
ចំណែកនំដែលមានទម្ងន់ ១.៥គីឡូក្រាម មានលាយស្នូលពងទាប្រៃចំនួន ៥ គ្រាប់ និងមួយ ប្រភេទទៀតមាន ទម្ងន់ ៣ គីឡូក្រាម មានលាយស្នូលពងទាប្រៃរហូតដល់ ៧ គ្រាប់ ដែលទំហំនេះភាគច្រើនវេចជូនអតិថិជនដែលកម្មង់តែប៉ុណ្ណោះដោយប្រើពេលចម្អិនពី៩-១០ម៉ោង។
ស្ត្រីវ័យ ៣២ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា នំអន្សមដែលជាស្នាដៃដ៏ចំណានរបស់មីងគាត់ មានលក្ខណៈពិសេសត្រង់ថា ស្នូលនៃនំមានលាយសាច់ជ្រូកជាមួយស្នូលពងទាប្រៃ ព្រមទាំងអង្ករដំណើបមានលាយនឹងស្លឹកតើយ ធ្វើឲ្យរសជាតិនៃនំអន្សមឈ្ងុញឆ្ងាញ់ផ្លែកពីនំទូទៅ។
បន្ថែមលើនោះលោកស្រី ពិន អាណុងបានបង្ហាញពីអារម្មណ៍រំភើបរីករាយដែលមានអតិថិជនជាច្រើនបន្តការគាំទ្រនំន្សមឆ្ងាញ់របស់លោកស្រី ង៉ែត សុភា និងសំណូមពរឲ្យមាន អតិថិជនបន្តគាំទ្រកាន់តែច្រើនបន្ថែមទៀតដើម្បីជាកម្លាំងចិត្តដល់អ្នកដែលខិតខំធ្វើនំអន្សមខ្នាតធំនេះឡើង៕