កសិផលកម្ពុជានាំចេញទៅទីផ្សារចិន ហក់ឡើងដល់ជាង២,៤លានតោន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញកសិផលទៅកាន់ទីផ្សារចិន ក្នុងរយៈពេល ៤ឆ្នាំ សម្រេចបានជាង ២,៤ លានតោន ដែលមានតម្លៃជិត២ពាន់លានដុល្លារអាមេរិក។ ទន្និន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងវេទិកាអនឡាញស្តីពី “វិស័យកសិកម្មកម្ពុជា-ចិន” កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន បានឲ្យដឹងថា «ចំពោះការនាំចេញកសិផលទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើម ឆ្នាំ២០២២ សម្រេចបានជាង ២,៤ លានតោន មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកា កាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃ១ ៩៤២ លានដុល្លារ»។

ទន្ទឹមនឹងនោះ លោកក៏បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់នូវយន្តការសម្របសម្រួលពាណិជ្ជកម្ម ហើយទាំងអស់នេះគឺជាយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងសួនកសិ -ឧស្សាហកម្មជាដើម។

គួរបញ្ជាក់ដែរថា តាមរយៈវេទិកាខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជារួមមាន៖ទី១. ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពី “ដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ” ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម និងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងកិច្ចខិតខំធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិត ការកែលម្អគុណភាព និងស្តង់ដារផលិតផល។ ទី២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសួនកែច្នៃ ដើម្បីបង្កើនតម្លែបន្ថែម ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី។ ទី៣. ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគគិនចិន ដើម្បីវិនិយោគលើផលិតកម្មកសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតកម្មកសិកម្មដទៃទៀត។ទី៤. ការគាំទ្រទាំងបច្ចេកទេស ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន៕