វិបត្តិអចលនទ្រព្យចិន កំពុងធ្វើឱ្យអ្នកមានជីវភាពមធ្យម រងការជាប់បំណុលរើខ្លួនមិនរួច

អន្តរជាតិ

វិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងធ្វើឱ្យប្រជាជនមានជីវភាពមធ្យម ប្រមាណ ៤០០ លានលាក់ នៅក្នុងប្រទេសនេះ ធ្លាក់ចូលទៅក្នុងការជាប់បំណុល ដោយសារតែពួកគេជឿថាអចលនទ្រព្យ គឺជាមធ្យោបាយមួយ ក្នុងការកសាងទ្រព្យសម្បត្តិ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពេលនេះ ដោយសារតែគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងប្រទេស និងតម្លៃផ្ទះបានធ្លាក់ចុះ បានធ្វើឱ្យម្ចាស់ផ្ទះចិន ជាច្រើន កំពុងព្យាយាមកាត់បន្ថយការចំណាយ រួមទាំងពន្យារពេលរៀបអាពាហ៍ពិពាហ៍ និងការសម្រេចចិត្តលើជីវិតផ្សេងទៀតផងដែរ ដើម្បីទុកបង់រំលស់ផ្ទះ ដែលមិនទាន់បញ្ចប់ការសាងសង់ ។

ដោយឡែក បើយោងតាមបុរសម្នាក់ ឈ្មោះ Peter បានបង្ហើបថា លោកបានសម្រេចបោះបង់ការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន និងទិញរថយន្ត BMW បន្ទាប់ពីបានយកលុយ ៣០០ ០០០ ទៅសាងសង់ផ្ទះ នៅក្នុងទីក្រុង Zhengzhou នៃខេត្ត Henan ប៉ុន្តែគម្រោងផ្ទះនោះ ត្រូវបានផ្អាក ដោយក្រុមហ៊ុន China Aoyuan Group ។

មិនតែប៉ុណ្ណោះ លោក Peter គឺជាអ្នកទិញផ្ទះមួយ ក្នុងចំណោមអ្នកទិញផ្ទះរាប់ពាន់ទៀត នៅក្នុងទីក្រុងជាង ៩០ នៅទូទាំងប្រទេសចិន ដែលបានធ្វើពហិការ មិនព្រមទូទាត់ប្រាក់កម្ចីរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដូចជា Aoyuan និង China Evergrande Group បានបញ្ឈប់គម្រោង ។

លើសពីនេះទៀត ប្រជាជនមានជីវភាពមធ្យមកាន់តែច្រើនឡើង នៅក្នុងប្រទេស ដែលមាន​ ៧០% នៃទ្រព្យសម្បត្តិរបស់ពួកគេ កំពុងជាប់គាំងនៅក្នុងគម្រោងលំនៅដ្ឋាន ហើយបានចូលរួមនៅក្នុងការតវ៉ា ដើម្បីបដិសេធនូវការទូទាត់ សម្រាប់ប្រាក់កម្ចីរបស់ខ្លួន ដែលជាហេតុធ្វើឱ្យមានការគំរាមគំហែងកាន់តែខ្លាំង ដល់សេដ្ឋកិច្ច និងស្ថិរភាពសង្គម ។

ឥឡូវនេះ អាជ្ញាធររបស់ប្រទេសចិន កំពុងប្រញាប់ប្រញាល់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកមួយនេះ ដោយក្រុមហ៊ុនខ្លះ បានស្នើសុំរយ:ពេលអនុគ្រោះលើការទូទាត់ប្រាក់កម្ចី សម្រាប់រដ្ឋាភិបាលក្នុងតំបន់ រួមទាំងធនាគារ ដើម្បីជួយសង្គ្រោះដល់គម្រោងអភិវឌ្ឍន៍ជាច្រើន ។

គួរបញ្ជាក់ផងដែរថា ការផ្អាកការសាងសង់ទាំងនេះ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃផ្ទះប្រហែល ៤,៧ ទ្រីលានយ៉ន់ នៅក្នុងប្រទេសចិន ហើយអាចត្រូវការទុន ១,៤ ទ្រីលានយ៉ន់ ឬប្រហែល ១,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ ដើម្បីធ្វើការបញ្ចប់គម្រោងសាងសង់ផ្ទះទំាងនោះ ។ នេះបើយោងតាមអ្នកវិភាគរបស់ Bloomberg Intelligence លោកស្រី Kristy Hung បានធ្វើការប៉ាន់ប្រមាណឱ្យដឹង ៕