យោងតាមប្រធានក្រសួងសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន Mitsubishi Motors Corp គ្រោងនឹងចាក់លុយវិនិយោគបន្ថែមប្រហែល ១០ ទ្រីលានរូព្យ៉ា (៦៦៦,៨៩ លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ចន្លោះឆ្នាំ ២០២២ និង ២០២៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
លោក Airlangga Hartarto បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនជប៉ុនមួយនេះ បានវិនិយោគទឹកប្រាក់ ១១,៣ ទ្រីលានរូព្យ៉ា រួចមកហើយ នៅឆ្នាំ ២០២១ ខណ:បច្ចុប្បន្នពួកគេកំពុងរៀបចំផែនការ ក្នុងការពង្រីកសង្វាក់ផលិកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
ដោយបានដកស្រង់សម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi Motors លោក Takao Kato បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងធ្វើការផលិតរថយន្តអគ្គិសនី និងអគ្គិសនី Hybrid នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមទៀត ។
លើសពីនេះ លោកបានសង្កត់ធ្ងន់ទៀតថា Mitsubishi មានគោលបំណងបង្កើនសមត្ថភាព នាំចេញរថយន្តរបស់ខ្លួន ពីប្រទេសឥណ្ឌូនេស៊ី ដល់ ៧២ ០០០ គ្រឿងនៅឆ្នាំនេះ និងដល់ ៩៨ ០០០ គ្រឿង នៅឆ្នាំ ២០២៤ ដោយកើនឡើងពីចំនួន ៤២ ០០០ គ្រឿង នៅឆ្នាំ ២០២១ ។
មិនតែប៉ុណ្ណោះ លោក Airlangga បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mitsubishi ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងតូក្យូ ដែលជាកន្លែងពួកលោកបានជួបពិភាក្សាគ្នា អំពីការលើកទឹកចិត្តជុំវិញសារពើពន្ធ ដែលមានសក្កានុពលសម្រាប់ផលិតផលនាំចេញរបស់ក្រុមហ៊ុន ខណ:អត្រាពន្ធរបស់ឥណ្ឌូនេស៊ី ពិតជាមានការប្រកួតប្រជែង បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត ដូចជាថៃ ៕