ឈ្មួញ​​​មួយ​រូបបង្ហើប​​ កម្ពុជា​នាំ​ចូល​ត្រី​សាល់ម៉ុន​មួយ​អាទិត្យ​ជិត ២០ តោន​ពីថៃ

អាជីវកម្ម

លោកម៉ៅ វុត្ថា ដែលជាសហគ្រិនមួយរូបបើក​ជំនួញ​នាំ​ចូល​ត្រី​សាល់មុន បាន​បង្ហើប​ពី​តួលេខ​ត្រី​សាល់ម៉ុន​នាំ​ចូល​មក​កម្ពុជា​រាប់តោន​ក្នុង​មួយ​អាទិត្យ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកម៉ៅ វុត្ថា ថៅកែនាំចូល​ត្រីសាលម៉ុនស្រស់បាន​ឲ្យ​ដឹង​ថា បើតាមតួលេខក្រៅផ្លូវការក្នុងមួយ​អាទិត្យៗ ត្រីសាល់ម៉ុនដែលនាំ​ពីថៃលក់ឲ្យខ្មែរមាន​ប្រមាណជាង ២០តោន។

លោកម៉ៅ វុត្ថា ថៅកែត្រីសាលម៉ុនស្រស់

អ្នកជំនួញ​​នាំចូល​ត្រី​សាល់ម់ុនរូបនេះ ​កត់សម្គាល់ពី​ត្រីសាល់ម៉ុនដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជាមាន ៣ ប្រភពគឺ៖

ទី១៖ នាំចូលត្រឹមត្រូវតាមផ្លូវច្បាប់ដោយរៀងរាល់សប្តាហ៍ ដឹកតាមយន្តហោះហោះត្រង់​ពីប្រទេសណរវ៉ែស​មកកាន់រាជធានីភ្នំពេញ។ ត្រីសាល់ម៉ុនពីប្រភពនេះ គឺសម្រាប់ផ្សារទំនើបធំៗ និងអតិថិជនលំដាប់ខ្ពស់ៗ។ ត្រីដែលនាំចូលតាម​ប្រភព​នេះ​គឺថ្លៃ ដោយសារថ្លៃពន្ធអាករកាន់តែឡើងទៅ ហើយថ្លៃសេវាដឹកតាមជើងហោះហើរឡើងថ្លៃយ៉ាងខ្លាំង ដោយសារតម្លៃថ្លៃប្រេង និងសង្រ្គាមនៅរុស្សី និងអ៊ុយក្រែន។

ទី២៖ ត្រីទិញមកពីថៃ ហើយឆ្លងព្រំដែនចូលមកលក់នៅកម្ពុជា។ តាមប្រភពទី ២ នេះ កំពុងតែពេញនិយមសម្រាប់អ្នកលក់ និងអ្នកទិញថ្នាក់កណ្តាលហើយគិតពីបញ្ហាតម្លៃជាកត្តាសម្រេច។ បើប្រៀបធៀបតម្លៃត្រីរវាងប្រភពទី ១ និង​ទី ២ មានភាពខុសគ្នាប្រមាណចន្លោះពី ៣ ដុល្លារ ទៅ ៤ ដុល្លារក្នុងមួយគីឡូ ដោយសារតែ៖

-ត្រីសាល់ម៉ុននាំចូលទៅថៃ មិនមានពន្ធនាំចូលនោះទេ

-តម្លៃសេវាដឹកពីណរវ៉ែសមកបាងកក មានតម្លៃថោកជាងដឹកមកភ្នំពេញ

-តម្លៃត្រីណរវ៉ែសលក់ឲ្យថៃ មានតម្លៃធូរថ្លៃជាងយើងព្រោះគេមានកូតាពិសេស (រដ្ឋាភិបាលថៃលើកទឹកចិត្តក្នុងពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប)

-ការលក់ត្រីតាមព្រំដែនចូលមកខ្មែរ មិនមានបង់ពន្ធនាំចូលអ្វីនោះទេ ហើយការដឹកមកនោះគឺដឹកតាមឡានដឹកទំនិញ និងផ្លែឈើដែលថ្លៃដឹកមិនលើសពី ០.៥ដុល្លារក្នុងមួយគីឡូនោះទេ។

ទី៣៖ ត្រីទិញមកពីវៀតណាម។ ហេតុផលមួយចំនួនដូចគ្នានឹងត្រីតាមថៃដូចគ្នាដែរ ពោលគឺនាំចូលមកកម្ពុជាដោយមិនមានបង់ពន្ធ។

អ្នក​ជំនួញត្រី​សាល់មុនរូបនេះ មើលឃើញទីផ្សារត្រីសាល់ម៉ុនកើនឡើងបែបនេះ ធ្វើឲ្យលោក​បែរជាមានអារម្មណ៍​ស្រ្តេសទៅវិញ ព្រោះត្រូវខាតទាំងអស់ ហើយកាន់តែពិបាកក្នុងការឈរជើងក្នុងសមរភូមិទីផ្សារសមុទ្រឈាមបែបនេះ។

លោក​បញ្ជាក់ថា កម្ពុជាប្រើប្រាស់ត្រីសាល់ម៉ុន​ច្រើនបែបនេះ អ្នកដែលចំណេញ​ធំបំផុតគឺថៃ។ លោក​ឆ្លើយបញ្ជាក់ថា ហេតុអីបានជាថៃចំណេញ?

ថៃបានវ៉ាជប៉ុនយកលេខ ៣ ក្នុងទ្វីបអាស៊ីលើការនាំចូលត្រីសាល់ម៉ុនពីណរវ៉ែស។ សភាក្រុមប្រឹក្សាគ្រឿងសមុទ្រ​ណ័រវ៉ែស (Norwegian Seafood Council) បានឲ្យដឹងថា ក្នុងឆមាសទី ១នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចូលត្រីសាល់ម៉ុនប្រមាណជាងមួយម៉ឺនតោន (ប្រមាណ ១៣ ០០០តោន) ពីប្រទេសណរវ៉ែសកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែបើគិតជាចំនួនសាច់ប្រាក់វិញគឺមានការកើនឡើងដល់ទៅ៨១%ឯណោះ។ កំណើនរបស់ថៃនេះបានធ្វើឲ្យប្រទេសមួយនេះក្លាយទៅជាប្រទេសធំទី ៣ នៅអាស៊ីដែលបាននាំចូលត្រីសាល់ម៉ុនពីណរវ៉ែសបន្ទាប់ពីចិន និងកូរ៉េខាងត្បូង ហើយបានវ៉ាជប៉ុនដែលកាលពីកន្លងមកជាអ្នកទិញធំបំផុតទាំង៣នៅអាស៊ី។

បរិមាណនៃការនាំចូលត្រីពីប្រទេសណរវ៉ែស (ត្រីណរវ៉ែសក្នុងន័យនេះសំដៅទាំងត្រីសាល់ម៉ុនអាត្លង់ទិក និងត្រីត្រៅ) មកក្នុងប្រទេសថៃក្នុងឆ្នាំនេះគឺប្រមាណជាង ២,០០០តោនក្នុងមួយខែៗ។ សម្រាប់ប្រទេសថៃមិនមែននាំចូលត្រីសាល់ម៉ុនពីប្រទេសណរវ៉ែសតែមួយប៉ុណ្ណោះទេ ក្រៅពីនេះនៅមានពីបណ្តាប្រទេសដ៏ទៃទៀតដែររួមមាន អូស្រ្តាលី កាណាដា ឈីលី ស្កុតឡែន ជប៉ុន និងហ្វារ៉ូអាយឡែន។

ហេតុអ្វីបានជាថៃកើនឡើងដូច្នេះ? លោកម៉ៅ វុត្ថា បាន​លើក​រឿងរ៉ាវនៅពីក្រោយកំណើនកម្លាំងទិញរបស់ថៃនេះ គឺដោយសារហេតុផលធំៗពីរគឺ៖

-សម្រាប់ទីផ្សារប្រទេសជិតខាងជាពិសេសកម្ពុជា

-និន្នាការ និងប្រជាប្រិយភាពនៃការបរិភោគសាល់ម៉ុនកើនឡើងយ៉ាងខ្លាំង