រដ្ឋសភាជាតិ បានធ្វើការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដែលមានវត្តមាន សមាជិក សមាជិកាចំនួន ១០៦រូប។
សមាជិកសភា លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបញ្ជាក់នៅក្រោយកិច្ចប្រជុំនាព្រឹកនេះថា ការអនុម័តនេះ បានបង្ហាញពីឆន្ទៈរួមរបស់រដ្ឋសភា ដែលចង់ឃើញនូវដំណើរការរបស់ស្ថាប័នកំពូលរបស់ជាតិបានប្រព្រឹត្តទៅធាបក្រតី ជាពិសេស របស់អំណាចនិតីប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានា ការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
លោកថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ក្នុងនាមជាសមាជិករដ្ឋសភាមួយរូប ដែលតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមមួយនេះ»។
លោកបន្តថា យើងទាំងអស់គ្នាចង់ឃើញប្រទេសជាតិមានការអភិវឌ្ឍបន្តទៅមុខឥតឈប់ឈរ ជាពិសេសបរិយាកាសនយោបាយល្អប្រសើរ មានស្ថិរភាពដែលជាកត្តាចាំបាច់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ឱកាសរៀនសូត្ររបស់កូនចៅ ការទទួលបានការការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់។
បើតាមលោក ហ៊ុន ម៉ានី វិសោធនកម្មនេះ នឹងធ្វើឱ្យដំណើរប្រព្រឹត្តទៅរបស់ស្ថាប័នជាតិអាចបន្តបានដោយឥតមានការរាំងស្ទះ និងឧបសគ្គដែលបង្ករនូវការភិតភ័យរបស់ប្រជាពលរដ្ឋ ក្តីបារម្ភរបស់វិនិយោគិន និងធុរជនទាំងឡាយ នៅពេលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬនៅក្នុងកាលៈទេសៈដែលមានការទម្លាក់រាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ការធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគឺជាក្តីប្រាថ្នាចម្បងរបស់យើងទាំងអស់គ្នា ដែល មាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាខឿនទ្រទ្រង់។ លោក ហ៊ុន ម៉ានី បន្ថែម៕
សូមជម្រាបជូនថា របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៥ គឺ៖
១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។
២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
៤-១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
៤-២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៥. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម៕