អ្នកឧកញ៉ា គិត ម៉េង៖ «ឥរិយាបថក្នុងការងារ និងការអនុវត្តការងារមានសារៈសំខាន់ណាស់»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថា​​ឥរិយាបថក្នុងការងារ និងការអនុវត្តការងារ​មានសារៈសំខាន់ណាស់ ប៉ុន្តែ​ពេលខ្លះ​យើងមិនបានកត់សម្គាល់ថាវាសំខាន់ប៉ុនណានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយក​ក្រុមហ៊ុន ROYAL Group ​​រូប​នេះ​ បាន​​​បញ្ជាក់​​តាម​រយៈ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ ឆ្លងតាមការ​ជួបមនុស្សជាច្រើនឆ្នាំ​តាមរយៈ​ការងារ លោក​បានដឹងថាឥរិយាបថក្នុងការងារអាចមានឥទ្ធិពលណាស់ ជាពិសេសលើការខិតខំប្រឹងប្រែង និងបរិមាណនៃការងារ។ ដូចគ្នាផងដែរ ឥរិយាបថក្នុងការងារ និងការ​អនុវត្តការងារមានទំនាក់ទំនងស្អិតរមួត។ មនុស្សដែលគិតវិជ្ជមាននាំមកនូវថាមពលល្អជាច្រើន។ អារម្មណ៍​វិជ្ជមានដែលពួកគេផ្តល់ឱ្យ ទាក់ទាញមនុស្សដែលមានគំនិតដូចគ្នា ហើយពួកគេរួមគ្នាបង្កើតបរិយាកាស​ល្អ​នៅកន្លែងធ្វើការ។ ផ្នត់គំនិតរីកចម្រើននេះនឹងក្លាយជាជំនាញពេញមួយជីវិត ដើម្បីដឹកនាំអ្នកទៅ​កាន់អាជីព​កាន់តែអស្ចារ្យ។

ម្យ៉ាងវិញទៀត ឥរិយាបថអវិជ្ជមានក្នុងការងារ អាចបំផ្លាញការបំពេញការងាររបស់អ្នក និងអាចធ្វើឱ្យ​អន្ត​រាយ​ដល់អាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកតែងតែបង្ហាញឥរិយាបថអវិជ្ជមាន នោះមនុស្សជុំវិញខ្លួនអ្នក​នឹង​ពិបាក​ក្នុងការ​ទទួលស្គាល់គុណសម្បត្តិ និងសមិទ្ធផលល្អរបស់អ្នក។ ប្រសិនបើការងាររបស់អ្នក​ពាក់​ព័ន្ធ​នឹងការធ្វើការងារជាក្រុមច្រើន ឥរិយាបថអវិជ្ជមានរបស់អ្នកអាច​បណ្តាលឱ្យគម្រោងជាក្រុម​នោះ​បរាជ័យ។ ប្រសិនបើអតិថិជនរបស់អ្នកជួបប្រទះឥរិយាបថអវិជ្ជមានពីអ្នក ឬបុគ្គលិករបស់អ្នក ពួកគេទំនង​ជាមិនត្រលប់មកវិញទេ។

មិត្តរួមការងារដែលសប្បាយរីករាយបំពេញការងារដោយចេញពីចិត្ត និងប្រសើរជាងមុន។ ចំណុចនេះហើយ ពួកគេផ្តល់ការខិតខំប្រឹងប្រែងអស់សមត្ថភាពដើម្បីក្រុមហ៊ុន។ នេះជាមូលហេតុដែលឥរិយាបថ​ក្នុងការងារ​កាន់តែល្អ នាំឱ្យមានការបំពេញការងារកាន់តែប្រសើរ ហើយវាជាការពិតណាស់ដែលពួកគេនឹងដើរដល់វិថី ឆ្ពោះទៅកាន់ភាពជោគជ័យ លឿនជាងមនុស្សដែលគិតអវិជ្ជមាន។

អ្នកឧកញ៉ា គិត ម៉េង ​​បាន​ផ្តាំ​ផ្ញើ​ជា​​សារ​ចុង​ក្រោយ​ថា ឥរិយាបថយើងអាចធ្វើឱ្យស្ថានការណ៍ប្រសើរឡើង ឬកាន់តែអាក្រក់។ សូមចងចាំថាអាកប្បកិរិយារបស់អ្នក អាចប៉ះពាល់ដល់ការយល់ឃើញ​របស់អ្នកដទៃ​ចំពោះអ្នកបាន៕