យោងតាមឯកសារដែលបានដកស្រង់ពីសៀវភៅរាជកិច្ច ដែលតម្កល់ទុកនៅបណ្ណាល័យជាតិភ្នំពេញ ឃើញថាមានចៅហ្វាយ ឬភិបាលខេត្តជាច្រើនរូប បានដឹកនាំនៅក្នុងទឹកដីខេត្តព្រះវិហារ គឺ ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាមរ៉ាំរៃជាច្រើន ជាពិសេសចាប់ពីឆ្នាំ១៩៧០មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ់ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០២២ នេះមានថ្នាក់ដឹកនាំសរុប១១រូប ដូចខាងក្រោម៖
១. ១៩៧៩-១៩៨១ ឯកឧត្តម វេង ឃូន ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
២. ១៩៨១-១៩៨២ ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
៣. ១៩៨៣-១៩៨៥ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
៤. ១៩៨៥-១៩៨៨ ឯកឧត្តម អោក មុនី ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
៥. ១៩៨៨-១៩៩៤ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត
៦. ១៩៩៤-១៩៩៨ ឯកឧត្តម មាន សារិន អភិបាលខេត្ត
៧. ១៩៩៩-២០០៩ ឯកឧត្តម ព្រាប តាន់ អភិបាលខេត្ត
៨. ២០០៩-២០១៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត
៩. ២០១៦-២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
១០. ២០១៩-២០២២ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត
១១. ២០២២-បច្ចុប្បន្ន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត (ថ្មី)
លោក គីម រិទ្ធី ដែលកូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ មានឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។
សាវតាខេត្តព្រះវិហារ
ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែកក្កដាឆ្នាំ១៩៦៤ គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។
ខេត្តព្រះវិហារកាលនោះមានតែចំនួន០៤ស្រុក គឺស្រុករវៀង, ឆែប, ស្រុកជាំក្សាន្ត ដែលកាត់ចេញពីខេត្តកំពង់ធំ និងស្រុកអង្គរធំ ដែលកាត់ចេញពីខេត្តសៀមរាបមាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ ។ ខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។
១/ស្រុកជាំក្សាន្តមាន០៧ឃុំ គឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។
២/ ស្រុកឆែប មានឃុំចំនួន០៩ គឺឃុំឆែប, ឃុំម្លូព្រៃ, ឃុំក្រខឹក, ឃុំថ្មី, ឃុំច្រាច់, ឃុំពើក, ឃុំកំពង់ស្រឡៅឃុំកំពង់ជ្រៃ, ឃុំសាលា។ (ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)
៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព, ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន៕