កម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់នឹងស្នើឲ្យគាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាកូរ៉េធ្វើសច្ចាប័ន អនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឲ្យបានឆាប់រហ័សដើម្បីផលប្រយោជន៍រួម។
ការស្នើសុំរបស់កម្ពុជាធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះលោករដ្ឋមន្រ្តី បានប្រាប់គណៈប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជាការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ រដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួចនូវច្បាប់ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ទ្រង់ឡាយព្រះហស្ថលេខា។ ការប្រកាសអោយប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រួសត្រាយផ្លូវឱ្យកម្ពុជា និងកូរ៉េខាងត្បូង អនុវត្តអោយបានពេញលេញនូវពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប និងបង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយការពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
កិច្ចព្រមព្រៀងនេះនឹងជំរុញបន្ថែមទៀតនូវការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ ដូចជាសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម។
គួររម្លឹកផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានពិភាក្សា និងព្រាងដោយក្រុមការងារជំនាញរបស់ប្រទេសទាំងពីរនៅឆ្នាំ ២០២១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការតាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ YEO Han-Koo នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ កម្ពុជាក៏មានពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងជាមួយដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យនៃ RCEP ផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងដៃគូ RCEP បានចូលជាធរមានហើយ៕