រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ដោយមានការអនុម័តធ្វើឡើងដោយសំឡេង ១០៥លើ១០៦សំឡេង កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។
ការអនុម័តនេះធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាសរុប១០៦រូបទៀត។
ក្នុងនោះ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ត្រូវបានគគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។
គួរបញ្ជាក់ថា ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នឹងវិសោធនកម្មមាត្រាមួយចំនួនមានជាអាទិ៍ មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះ-រាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិ និងដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕