ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយឲ្យភាពរឹងមាំ ត្រូវការជាចាំបាច់ការចូលរួមយ៉ាងសកម្មពីវិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ការលើកឡើងបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។

ឧត្តមសេនីយ៍ឯក បានបន្ថែមថា វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ដែរថាទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅក្នុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២។ ចំណែកឯការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យលើការគ្រប់គ្រងការឆ្លង, ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច៕