មហាសេដ្ឋី​ជា​ច្រើន​ខាត​បង់​ទ្រព្យ​ដោយសារ​ផ្សារហ៊ុន ប៉ុន្តែ Bill Gates ខុស​ប្លែក​ពី​គេ

អន្តរជាតិ

បច្ចុប្បន្ន ស្ថានភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សភាព​រញ៉េរញ៉ៃ ដែល​បង្ក​មក​ពី​ការ​ធ្វើសង្គ្រាម និង​ការ​រាតត្បាត​ជំងឺ​ជាដើម ហើយ​វា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ផ្សារហ៊ុន​ធំៗ​មាន​សភាព​មិន​ប្រក្រតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​លទ្ធផល ក្រុម​មហាសេដ្ឋី​ជាច្រើន​បាន​របូត​ទ្រព្យសម្បត្តិ​អស់​រាប់​ពាន់​លាន​ដុល្លារ តួយ៉ាង​ដូចជា វិនិយោគិន​លើ​វិស័យ​ Cryptocurrency ជាដើម ដែល​បាន​ខូចខាត​យ៉ាង​ដំណំ ពោល​ស្ថាបនិក Binance បាន​របូត​លុយ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឯណោះ។

ថ្វី​បើ​ក្រុម​មហាសេដ្ឋី​ភាគច្រើន​ទទួល​រង​ការ​ខូចខាត​ពី​ឥទ្ធិពល​ផ្សារហ៊ុន និង​វិបត្តិ​សេដ្ឋកិច្ច​ក៏​ពិតមែន ប៉ុន្តែ​ស្ថាបនិក Microsoft លោក​ Bill Gates ខុសពី​អ្នកឯទៀត​បន្តិច ពោល​ទ្រព្យសម្បត្តិ​របស់​លោក​ក៏​របូត​អស់​ច្រើន​ដូច​គ្នា ប៉ុន្តែ​មួយ​ចំណែក​ធំ​គឺ​ កើតឡើង​ដោយសារ​ការ​ធ្វើ​សប្បុរសធម៌។

យោង​តាម​ការ​ចុះផ្សាយ​ពី​ Bloomberg Billionaires Index បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់ Bill Gates បាន​ថយ​ចុះ​ប្រហែល ២៦ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​គិត​ត្រឹម​ពាក់កណ្ដាល​ខែកក្កដា មហាសេដ្ឋី​រូបនេះ បរិច្ចាគ​ទឹកប្រាក់​ចំនួន ២០ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន មហាសេដ្ឋី​លំដាប់​ពិភពលោក​រូបនេះ​ទម្លាយ​ថា លោក​មាន​បំណង​ចង់​បរិច្ចាគ​ទឹកប្រាក់​ទាំងអស់​របស់​លោក និង​ចុះចេញ​ពី​តំណែង​មហាសេដ្ឋី​ពិភពលោក។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​ស្ថាបនិក Microsoft៕