កាលពីប៉ុន្មានសប្ដាហ៍មុន ដំណឹងលែងលះរវាងសហស្ថាបនិក Google លោក Sergey Brin និងអ្នកស្រី Nicole Shanahan បានធ្វើឲ្យមហាជនទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកគូស្វាមីមួយគូនេះ កម្រមានភាពល្អក់កករណាស់។
យ៉ាងណា បើយោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើនសុទ្ធតែអះអាងថា Elon Musk អាចជាដើមចមនៃបញ្ហាខាងលើ ដោយលួចមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្រពន្ធពួកម៉ាក ប៉ុន្តែចចាមអារ៉ាមទាំងនេះត្រូវបានច្រានចោលភ្លាមៗពីមហាសេដ្ឋីមានបំផុតដាច់គេលើលោក។
ក្រឡេកមកមើលពីស្ថានការណ៍បច្ចុប្បន្នវិញ Celebritynetworth បានរាយការណ៍ថា អ្នកស្រី Nicole បានទាមទារសំណងជំងឺចិត្តពីអតីតស្វាមីដែលមានទ្រព្យសម្បត្តិប្រមាណជាង ៩០ ពាន់លានដុល្លារ ក្នុងចំនួនទឹកប្រាក់ប្រហែល ១ ពាន់លានដុល្លារពីការលែងលះមួយនេះ។
ទន្ទឹមនឹងនោះ Wall Street Journal ក៏បានរាយការណ៍បន្ថែមថា លោក Sergey និងអ្នកស្រី Nicole កំពុងស្ថិតក្នុងដំណាក់កាលរង់ចាំការកាត់សេចក្ដីពីចៅក្រម ខណៈអ្នកស្រី Nicole ទម្លាយថា ត្រូវបានបង្ខំឲ្យចុះហត្ថលេខាអំឡុងពេលមានផ្ទៃពោះ។
សូមជម្រាបដែរថា Sergey និង Nicole បានសេពគប់គ្នាតាំងពីឆ្នាំ ២០១៥ និងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០១៨ និងមានកូនម្នាក់ជាចំណងដៃ មុនពេលស្នេហារវាងអ្នកទាំង ២ ឈានដល់ផ្លូវបំបែក៕